មេដឹកនាំឡាវនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងដើម្បីចូលរួមការប្រារព្ធខួបនៃការបង្កើតគណបក្សពលករកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងដើម្បីចូលរួមការប្រារព្ធខួបលើកទី៨០ នៃការបង្កើតគណបក្សពលករកូរ៉េដែលជាបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានរាយការណ៍ថា មេដឹកនាំឡាវនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងតាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ក្នុងឱកាសគម្រប់ខួបដែលបានកំណត់នៅថ្ងៃទី១០ ខែតុលា។
លោកបានក្លាយជាភ្ញៀវបរទេសដំបូងគេដែលត្រូវបានបញ្ជាក់ដោយប្រទេសកូរ៉េខាងជើងដែលនឹងចូលរួមក្នុងពិធីនេះនាពេលខាងមុខ។
លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីចូលរួមការប្រារព្ធពិធីនេះ។
មុននេះ សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានគណបក្សសហគមន៍វៀតណាម លោក តូ ឡឹម (To Lam) ក៏ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងក្នុងខែតុលា ក្នុងអ្វីដែលនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងជើងដោយមេដឹកនាំវៀតណាមក្នុងរយៈពេលជិត ២០ឆ្នាំ។ ប៉ុន្តែប្រទេសវៀតណាម និងកូរ៉េខាងជើងមិនទាន់បញ្ជាក់ពីដំណើរទស្សនកិច្ចដ៏មានសក្ដានុពលរបស់លោកនៅឡើយទេ។
ប្រទេសកូរ៉េខាងជើងត្រូវបានគេរំពឹងថានឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំដើម្បីអបអរខួបនៃការប្រារព្ធពិធីនេះ។ យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងអាចនឹងធ្វើព្យុហយាត្រាពេលយប់ដែលមានមន្ដ្រីរាប់ម៉ឺននាក់៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





