សន្ធិសញ្ញាភាពជាដៃគូរុស្ស៊ី-អ៊ីរ៉ង់ចូលជាធរមាន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ -- ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់ បានចូលជាធរមានហើយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្រសួងបានប្រកាសថា «សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហព័ន្ធរុស្ស៊ី និងសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូអ៊ូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian) នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានចូលជាធរមានហើយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥»។ យោងតាមសេចក្តីថ្លែងការណ៍ សន្ធិសញ្ញានេះឆ្លុះបញ្ចាំងពីជម្រើសយុទ្ធសាស្ត្រដែលធ្វើឡើងដោយថ្នាក់ដឹកនាំនយោបាយរបស់រុស្ស៊ី និងអ៊ីរ៉ង់ ឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគីជាមិត្ត និងជាអ្នកជិតខាងល្អ ដែលបម្រើដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ។
ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តររដ្ឋរវាងរុស្ស៊ី-អ៊ីរ៉ង់ ដែលបានឈានដល់កម្រិតថ្មីមួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្រសួងបានបន្តថា ឯកសារនេះកំណត់គោលសំខាន់ៗសម្រាប់វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលវែង។ ក្រសួងការបរទេសរបស់រុស្ស៊ីបានបន្ថែមថា វាបានគិតគូរដល់កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ចំពេលដែលសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលកំពុងមានការវិវត្ត រួមទាំងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅសមាគមពហុភាគីសំខាន់ៗ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកការពង្រឹងស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ និងការទប់ទល់នឹងបញ្ហាប្រឈម និងការគំរាមកំហែងរួម៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





