វិមានក្រឹមឡាំង៖ រុស្ស៊ី និងសហរដ្ឋអាមេរិករក្សាទំនាក់ទំនង ប៉ុន្តែមិនទាន់មានការឆ្លើយតបចំពោះសំណើ New START នៅឡើយទេ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ -- ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន រក្សាទំនាក់ទំនងនៅកម្រិតរដ្ឋបាល ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មិនទាន់មានប្រតិកម្មចំពោះសំណើរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)ក្នុងការរក្សាការរឹតបន្តឹងដែលមានចែងនៅក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START)។ នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មាន។
លោកបានបន្តថា «តាមការពិត ការទំនាក់ទំនងកំពុងបន្ត ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ [ចំពោះសំណើ New START]»។
លោក ប៉េសកូវ បានបញ្ជាក់ថា កិច្ចពិភាក្សាកំពុងដំណើរការជាទូទៅនិងមានបណ្តាញសម្រាប់កិច្ចសន្ទនា ដែលនៅតែបើកចំហ។
លោក ពូទីន បានប្រកាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាការអនុលោមតាមកម្រិតបរិមាណដែលបានផ្តល់ឱ្យនៅក្នុងសន្ធិសញ្ញាសម្រាប់រយៈពេលមួយឆ្នាំទៀត បន្ទាប់ពីឯកសារផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថាវិធានការនេះនឹងមានសុពលភាពលុះត្រាតែទីក្រុងវ៉ាស៊ីនតោនធ្វើដូចគ្នា។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ រីយ៉ាបកូវ (Sergey Ryabkov) បានប្រាប់ សារព័ត៌មានតាសស៍ (TASS) ថា ទីក្រុងម៉ូស្គូនៅតែរង់ចាំការឆ្លើយតបពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ មន្ត្រីសេតវិមានបាននិយាយថា មេដឹកនាំអាម៉េរិកនឹងធ្វើសេចក្តីថ្លែងការណ៍អំពីបញ្ហានេះ ប៉ុន្តែរឿងនេះនៅមិនទាន់កើតឡើងនៅឡើយទេ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





