ការវាយប្រហារភេរវកម្មនៅទីក្រុងមេនឆេស្ទើរ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ -- មន្រ្តីប៉ូលិសក្នុងតំបន់បាននិយាយថា មនុស្សពីរនាក់បានស្លាប់នៅក្នុងការវាយប្រហារមួយនៅជិតសាលប្រជុំមួយក្នុងទីក្រុងមេនឆេស្ទើររបស់ប្រទេសអង់គ្លេស។ ការរាយការណ៍នៅពេលមុននេះ បានបង្ហាញមានជនរងគ្រោះចំនួន ០៤នាក់។
មន្រ្តីប៉ូលិសត្រូវបានគេហៅទៅសាលប្រជុំឧទ្យានហៀថុន នៅតំបន់Crumpsall នៅវេលាម៉ោង ០៩:៣១នាទីព្រឹក។
សាក្សីឃើញហេតុការណ៍បានឃើញរថយន្តបុកក្រុមអ្នកថ្មើរជើងហើយបុរសម្នាក់ត្រូវបានគេចាក់។
មន្រ្តីប៉ូលិសបានបើកការបាញ់ប្រហារទៅលើអ្នកវាយប្រហារនោះ ដែលត្រូវបានគេជឿថាបានស្លាប់។ នេះបើយោងតាមអភិបាលក្រុងមេនឆេស្ទើរ លោក អេនឌី ប៊នហ៊ែម (Andy Burnham)។
ក្រុមគ្រូពេទ្យបានទៅដល់នៅវេលាម៉ោង ០៩:៤១នាទីព្រឹក ដើម្បីជួយជនរងគ្រោះ។
មន្រ្តីប៉ូលិសបាននិយាយថា មនុស្សពីរនាក់បានរងរបួសក្នុងការវាយប្រហារនេះ ហើយបានស្លាប់។
ការរាយការណ៍នៅពេលមុននេះបានបង្ហាញថា មនុស្ស ០៤នាក់បានរងរបួសក្នុងការវាយប្រហារដោយការចាក់ និងរថយន្តបុក។
អភិបាលក្រុង លោក អេនឌី ប៊នហ៊ែម បានពណ៌នាអំពីឧបទ្ទវហេតុនោះថាមានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្តែបានធានាដល់សាធារណជនថាមិនមានអ្វីគ្រោះថ្នាក់ទៀតទេដោយសារតែការឆ្លើយតបរបស់ប៉ូលិសមានភាពយ៉ាងឆាប់រហ័ស។
មន្រ្តីប៉ូលិសកំពុងចាត់ទុកឧប្បត្តិហេតុនេះថា ជាការវាយប្រហារភេរវកម្ម។ នេះបើយោងតាមកាសែត The Daily Telegraph។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក គើរ ស្តាមើរ (Keir Starmer) បានកាត់បន្ថយការចូលរួមរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបនៅទីក្រុង Copenhagen ហើយកំពុងវិលត្រឡប់ទៅកាន់ចក្រភពអង់គ្លេសវិញ។
កាសែត The Daily Telegraph បានរាយការណ៍ថា លោក ស្តាមើរត្រូវបានកំណត់ឱ្យធ្វើជាប្រធានកិច្ចប្រជុំនៃគណៈកម្មាធិការរដ្ឋាភិបាលគ្រាអាសន្ន Cobra ដើម្បីពិភាក្សាអំពីឧបទ្ទវហេតុនេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





