ម៉ាឡេស៊ីបង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ -- ដោយប្រឈមមុខនឹងទិដ្ឋភាពឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែលកាន់តែស្មុគស្មាញ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានចាត់វិធានការយ៉ាងសកម្មដើម្បីបំពាក់បំប៉នមន្ត្រីរបស់ខ្លួនជាមួយនឹងការបណ្តុះបណ្តាលចុងក្រោយបង្អស់ដោយពង្រឹងតួនាទីរបស់ខ្លួនជាភ្នាក់ងារអនុវត្តច្បាប់ចម្បងរបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការរំលោភបំពានដោយអំណាច។
ទីភ្នាក់ងារព័ត៌មានជាតិរបស់ម៉ាឡេស៊ី Bernama បានរាយការណ៍ថាប្រធានគណៈកម្មការ MACC លោក អាហ្សាំ បាគី (Azam Baki) បាននិយាយថា គំនិតផ្តួចផ្តើមនេះធានាបាននូវជំនាញ និងចំណេះដឹងរបស់មន្រ្តីត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យពួកគេរកឃើញ និងតាមដានប្រតិបត្តិការពុករលួយ។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមពីអ្នកជំនាញនិងមន្ត្រីអនុវត្តច្បាប់មកពីស្ថាប័នផ្សេងៗក្នុងប្រទេសផងដែរ ដើម្បីជួយលើកកម្ពស់ចំណេះដឹង ពង្រឹងអភិបាលកិច្ច និងលើកកម្ពស់សុចរិតភាពក្នុងស្ថាប័នរៀងៗខ្លួន តាមរយៈជំនាញរួមគ្នា។
យោងតាមមន្ត្រីរូបនេះបានឱ្យដឹងថា គណៈកម្មការ MACC មានភារកិច្ចផ្តល់ការបណ្តុះបណ្តាលទាំងខាងក្នុង និងខាងក្រៅ រួមទាំងការផ្លាស់ប្តូរជំនាញជាមួយភ្នាក់ងារក្នុងស្រុក និងក្រៅប្រទេសផងដែរ។
ចាប់តាំងពីឆ្នាំ២០១៧ មក មន្ត្រីរបស់គណៈកម្មការ MACC សរុបមានចំនួន ៥១៧នាក់ដែលបានទទួលការទទួលស្គាល់ពីកម្មវិធីដ៏មានកិត្យានុភាពពីរ ដែលធ្វើឡើងដោយកិច្ចសហការជាមួយសាកលវិទ្យាល័យNottingham Trent (NTU) គឺសញ្ញាប័ត្រក្រោយឧត្តមសិក្សាក្នុងការអនុវត្តច្បាប់អន្តរជាតិ ស្តីពីភាពជាអ្នកដឹកនាំប្រឆាំងអំពើពុករលួយ (កម្រិតទី៧) និងសញ្ញាប័ត្រវិជ្ជាជីវៈក្នុងការអនុវត្តច្បាប់អន្តរជាតិកម្រិត៥ (Anti-C)។
លោក អាហ្សាំ បាននិយាយថា ប្រទេសនេះបានទទួលរងការលេចចេញយ៉ាងច្រើននូវករណីអំពើពុករលួយ ការរំលោភបំពានដោយអំណាច និងការក្លែងបន្លំ ដោយធ្វើឱ្យមានការខាតបង់ថវកាប្រមាណ២៧៧ពាន់លានរីងហ្គីត (ជិត ៧០ពាន់លានដុល្លារអាម៉េរិក) ក្នុងរយៈពេល០៦ឆ្នាំកន្លងមកនេះ ដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈយ៉ាងខ្លាំង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





