អាស៊ានបង្ហាញផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការថាមពលក្នុងរយៈពេលប្រាំឆ្នាំខាងមុខ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ -- វេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២៥ (AEBF 2025) នាពេលខាងមុខនេះ នឹងឃើញនូវការបង្ហាញផែនការសកម្មភាពអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការថាមពល(APAEC) ឆ្នាំ២០២៦-២០៣០ ដែលជាប្លង់មេយុទ្ធសាស្ត្រក្នុងតំបន់សម្រាប់ការណែនាំគោលនយោបាយថាមពល។
លោកបណ្ឌិត អេនឌី ធៀតា (Andy Tirta) ប្រធាន AEBF បាននិយាយថា ក្នុងចំណោមឯកសារផ្សេងៗទៀត ឯកសារនេះនឹងបង្ហាញពីផែនការកិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់សម្រាប់រយៈពេល០៥ឆ្នាំខាងមុខ ដោយបញ្ជាក់ពីការអភិវឌ្ឍគំនិតផ្តួចផ្តើមរបស់បណ្តាញថាមពលអាស៊ាន (APG)។
យោងតាមលោក អេនឌី បានឱ្យដឹងថា វេទិកា AEBF 2025 នាពេលខាងមុខនេះ ក៏នឹងឃើញនូវការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលត្រូវបានពង្រឹងទៅលើ APG ដែលនឹងផ្តោតសំខាន់ទៅលើការធ្វើឱ្យមានស្តង់ដារ និងបទប្បញ្ញត្តិ ការតម្រឹមតម្រូវការបច្ចេកទេស និងការបង្កើតគំរូហិរញ្ញវត្ថុ។
លោកបានបន្ថែមថា វាក៏នឹងមើលឃើញផងដែរការពិភាក្សាស៊ីជម្រៅស្តីពីបំពង់បង្ហូរឧស្ម័នអន្តរអាស៊ាន រួមជាមួយនឹងបញ្ហាដែលកំពុងដំណើរការផ្សេងៗទៀតទាក់ទងនឹងថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និងការអភិរក្ស ព្រមទាំងសក្តានុពលថាមពលនុយក្លេអ៊ែរ។
ដើម្បីជំរុញកិច្ចពិភាក្សាអំពីការផ្លាស់ប្តូរថាមពលក្នុងចំណោមមេដឹកនាំធុរកិច្ច លោក អេនឌី បាននិយាយថា កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំថាមពលអាស៊ាននឹងធ្វើឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍នោះ ដែលពាក់ព័ន្ធនឹងថ្នាក់ដឹកនាំនៃស្ថាប័នឯកជន និងធុរកិច្ចទាក់ទងនឹងថាមពល។
កាលពីខែឧសភា មានសេចក្តីរាយការណ៍ថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្តេជ្ញាចិត្តសម្រាប់ថវិកាចំនួន ១០ពាន់លានដុល្លារអាម៉េរិក ដើម្បីឆ្ពោះទៅរក APG ដើម្បីពន្លឿនការតភ្ជាប់ឆ្លងព្រំដែន គម្រោងបណ្តាញជាតិនិងគំនិតផ្តួចផ្តើមថាមពលកកើតឡើងវិញ ដែលនឹងជួយសម្រួលដល់ពាណិជ្ជកម្មថាមពល។ ជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានបម្រុងថវិកាចំនួន ២,៥ពាន់លានដុល្លារអាម៉េរិកដើម្បីគាំទ្រដល់គម្រោងថាមពលបៃតងរបស់អាស៊ានដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





