ប្រជាពលរដ្ឋ២៣គ្រួសាររងផលប៉ះពាល់ដោយគ្រោះទឹកជំនន់បានអំណោយសង្គ្រោះបន្ទាន់
AKP កំពង់ចាម ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- ប្រជាពលរដ្ឋ២៣គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ ហើយជម្លៀសមកកាន់ទីទួលសុវត្ថិភាព នៅស្ថិតក្នុងភូមិវត្ត ឃុំទូលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ បានទទួលអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ហើយបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព នៅភូមិវត្ត ឃុំទូលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពង់រងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស កុំបណ្តែតបណ្តោយឱ្យកូនៗ ឬក្មេងតូចៗលេងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់។ ក្នុងករណីបើមានជំងឺដង្កាត់ផ្សេងៗ ឬមានសត្វអសិរពិសចឹក សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ដែលមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់ សម្រាប់ធ្វើការព្យាបាលភ្លាមៗ មិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះ ដែលទទួលទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្រៅពីនោះអាជ្ញាធរពាក់ព័ន្ធ ក៏ត្រូវបន្តតាមដាន សភាពការណ៍ និងស្ថានភាពទឹកជាប្រចាំ ដើម្បីបន្តជួយអន្តរាគមន៍ ទាន់ពេលវេលា។

គួរបញ្ជាក់ថា អំណោយសង្គ្រោះបន្ទាន់ដែលត្រូវចែកជូនពលរដ្ឋទាំង២៣គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករចំនួន២៥គីឡូក្រាម ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល១កញ្ចប់ មុង ១ ភួយ១ កន្ទេល១ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕
ដោយ ឆាយ ម៉ុត





