សូម៉ាលីប្តេជ្ញាកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ -- ប្រទេសសូម៉ាលីកាលពីថ្ងៃពុធបានអបអរសាទរប្រទេសចិនក្នុងខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងប៉េកាំងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
លោក អាប់ឌីសាឡាម អាប់ឌី អាលី (Abdisalam Abdi Ali) រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសសូម៉ាលីគោរពនូវចំណងមិត្តភាពដ៏យូរអង្វែងរបស់ខ្លួនជាមួយប្រទេសចិន ដែលឈរជើងក្នុងការគោរពគ្នាទៅវិញទៅមក និងសេចក្តីប្រាថ្នារួមគ្នា មានការដឹកនាំដោយស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការយោគយល់ ពង្រឹងដោយសាមគ្គីភាព និងភាពជាដៃគូ និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ»។
ប្រទេសចិនប្រារព្ធទិវាជាតិរបស់ខ្លួននៅថ្ងៃទី១ ខែតុលាជារៀងរាល់ឆ្នាំដោយរំលឹកដល់ការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១ ខែតុលាឆ្នាំ១៩៤៩។
លោកបាននិយាយថា ប្រទេសសូម៉ាលីទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីពង្រឹងភាពជាដៃគូ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញគម្រោងរួមគ្នា។
យោងតាមរដ្ឋមន្ត្រីបានឱ្យដឹងថា ទាំងទីក្រុងម៉ូហ្គាឌីស៊ូ និងទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរួមគ្នា ដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់ពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





