ស៊ែប៊ី និងចិនសហការគ្នាដើម្បីអនាគតល្អប្រសើរ
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីស៊ែប៊ី និងប្រទេសចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ និងអនាគតដ៏ល្អប្រសើរ ដោយប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ដារ វូស៊ីក (Aleksandar Vucic) បានលើកឡើងក្នុងពិធីប្រារព្ធទិវាជាតិរបស់ប្រទេសចិនដែលត្រូវនឹងថ្ងៃទី១ ខែតុលា។
នៅក្នុងពិធីនេះ លោក វូស៊ីក បានអបអរសាទរខួបលើកទី៧៦ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការរួមគ្នាប្រារព្ធខួបលើកទី៧០ នៃមិត្តភាពរវាងប្រជាជនទាំងពីរ។
លោកបាននិយាយថា «ខ្ញុំមានមោទនភាពចំពោះការជឿទុកចិត្តដែលយើងបានកសាងឡើងតាមរយៈគម្រោងជាក់ស្តែង និងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនទាំងពីររបស់យើង ហើយមានទំនុកចិត្តថា ប្រទេសស៊ែប៊ី និងចិននឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ និងជីវិតកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋរបស់យើង»។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស៊ែប៊ី លោក លី មីង (Li Ming) បានសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគី ដោយលោកបានលើកឡើងអំពីភាពជាដៃគូថាគឺជា «មិត្តភាពដ៏រឹងមាំ» ដែលបានសាកល្បងពេលវេលា និងបានគូសបញ្ជាក់ពីសមិទ្ធិផលក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
មនុស្សជាង ៨០០នាក់បានចូលរួមក្នុងពិធីនេះ រួមទាំងឥស្សរជននយោបាយ ធុរកិច្ច យោធា និងវប្បធម៌ស៊ែប៊ី អ្នកការទូតបរទេស ជនជាតិចិននៅក្រៅប្រទេស តំណាងក្រុមហ៊ុនចិន និងនិស្សិត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





