សភាវេណេហ្ស៊ុយអេឡាផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ -- សភាជាតិវេណេហ្ស៊ុយអេឡាបាននិយាយថា ខ្លួនបានអនុម័តជាឯកច្ឆ័ន្ទទៅលើច្បាប់ ដែលផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។
សភាបាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) កាលពីពេលថ្មីៗនេះថា «សភាបានអនុម័តជាឯកច្ឆ័ន្ទទៅលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងវ៉េណេហ្ស៊ុយអេឡា និងរុស្ស៊ី»។
ប្រធានសភា លោក ចូក រ៉ូឌ្រីហ្គេស (Jorge Rodriguez) បានពណ៌នាឯកសារនោះថា ជាការបង្ហាញពិតប្រាកដបំផុតនៃភាពជាបងប្អូន និងជាវិធីថ្មីនៃទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាល។
យោងតាមសភា បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍពាណិជ្ជកម្ម ថាមពល និងគម្រោងពហុជំនាញ។ អាទិភាពសំខាន់ៗរួមមានការរុករក និងការអភិវឌ្ឍតំបន់ប្រេង និងឧស្ម័នថ្មី ការពង្រីកពាណិជ្ជកម្ម ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី និងគម្រោងអវកាសរួមគ្នាជាពិសេសការបង្កើតស្ថានីយ៍រុករកផ្កាយរណប GLONASS នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។
កិច្ចព្រមព្រៀងនេះត្រូវបានកំណត់សម្រាប់រយៈពេល ១០ឆ្នាំជាមួយនឹងលទ្ធភាពនៃការបន្ត។ នៅចុងបញ្ចប់នៃពិធីផ្តល់សច្ចាប័ន ប្រធានសភាបានប្រគល់សន្ធិសញ្ញាដែលបានចុះហត្ថលេខានេះ ជូនឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវេណេហ្ស៊ុយអេឡា លោក ស៊ែរហ្គេយ ម៉េលីក-បាកដាសារ៉ូវ (Sergey Melik-Bagdasarov)។
បន្ទាប់ពីការអនុម័ត ច្បាប់នឹងត្រូវដាក់ជូនប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ដើម្បីអនុវត្តបន្ត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





