ផែនការណាមួយក៏ដោយឱ្យតែដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា សមនឹងទទួលបានការគាំទ្រ
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ -- ផែនការ ឬកិច្ចខិតខំប្រឹងប្រែងណាក៏ដោយ ឱ្យតែមានបំណងបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីបគួរតែត្រូវបានស្វាគមន៍ ហើយវាជារឿងសំខាន់ក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់សហគមន៍អន្តរជាតិចំពោះបញ្ហាប៉ាឡេស្ទីន។ នេះបើយោងតាមសមាជិកនៃក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន លោក ហៃថាម ហ្សៃទើរ (Haitham Zaiter) បានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik)។
លោក ហ្សៃទើរ បាននិយាយថា «យើងស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងដ៏ស្មោះស្ម័គ្រក្នុងគោលបំណងបញ្ចប់សង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនរបស់យើងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលបានបន្តអស់រយៈពេលពីរឆ្នាំមកនេះ ចំពេលដែលមានការសម្លាប់ជនស៊ីវិលជាបន្តបន្ទាប់... ប្រជាជនរបស់យើងនៅតំបន់ហ្គាហ្សាកំពុងបង្ហាញពីភាពក្លាហាន និងលះបង់ជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃ ព្រមទាំងរងទុក្ខទោសនៅពេលពួកគេប្រឆាំងនឹងផែនការនៃការកាន់កាប់»។
លោក ហ្សៃទើរ បាននិយាយថា នៅពេលនេះ អាទិភាពគឺត្រូវបញ្ចប់សង្រ្គាមភ្លាមៗ ធានាបាននូវសុវត្ថិភាព និងស្ថិរភាពសម្រាប់តំបន់ហ្គាហ្សាស្ទ្រីប ជំនួយមនុស្សធម៌ដើម្បីជួយសង្គ្រោះប្រជាជន ពង្រឹងវត្តមានរបស់ពួកគេនៅទីនោះ ទប់ស្កាត់រាល់ការប៉ុនប៉ងបណ្តេញជនជាតិប៉ាឡេស្ទីន ចាប់ផ្តើមដំណើរការកសាងឡើងវិញ និងដោះលែងអ្នកទោសប៉ាឡេស្ទីនចេញពីពន្ធនាគារអ៊ីស្រាអែល។ អ្នកនយោបាយរូបនេះបានបន្ថែមថា បច្ចុប្បន្ន មានអ្នកទោសប៉ាឡេស្ទីនជាង ១៣.០០០នាក់នៅក្នុងពន្ធនាគារអ៊ីស្រាអែល ខណៈដែលមុនពេលចាប់ផ្តើមប្រតិបត្តិការយោធាអ៊ីស្រាអែល មានអ្នកទោសប្រហែលត្រឹម ៥.០០០នាក់ប៉ុណ្ណោះ។
ជំហានបន្ទាប់ក្រោយពីការបញ្ចប់សង្គ្រាម គឺការស្ដារឡើងវិញនូវឯកភាពប៉ាឡេស្ទីន និងការអនុម័តកម្មវិធីនយោបាយរបស់ខ្លួន ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ដែលនឹងនាំទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយជាមួយទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់ខ្លួននិងការវិលត្រឡប់របស់ជនភៀសខ្លួន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





