ឥណ្ឌូណេស៊ី៖ សិស្សានុសិស្សជាង ៩០នាក់នៅតែជាប់ក្នុងគំនរបាក់បែក បន្ទាប់ពីបាក់រលំសាលារៀន
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ -- យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មានសិស្សានុសិស្សចំនួន ៩១នាក់នៅតែជាប់នៅក្នុងគំនរបាក់បែកបេតុងនៃអាគារសាលាអ៊ីស្លាមមួយដែលបានបាក់រលំនៅក្នុងទីក្រុងស៊ីដូអាចូ នៃខេត្តចាវ៉ាខាងកើត របស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
យ៉ាងហោចណាស់ សិស្សចំនួន ០៣នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់និង ១០០នាក់ផ្សេងទៀតបានរងរបួស ដែលភាគច្រើនមានរបួសក្បាល និងបាក់ឆ្អឹង។
អ្នករស់រានមានជីវិតបាននិយាយថា សិស្សភាគច្រើនជាក្មេងប្រុសនៅថ្នាក់ទី៧ ដល់ទី១២ ដែលមានអាយុចន្លោះពី ១២ឆ្នាំ ទៅ ១៨ឆ្នាំ។ សិស្សស្រីអធិស្ឋាននៅផ្នែកផ្សេងទៀតនៃអគារ ហើយបានរត់គេចខ្លួនទាន់ពេល។
បុគ្គលិកសង្គ្រោះជាង ៣០០នាក់ កំពុងធ្វើការដោយអស់សង្ឃឹម ដើម្បីរំដោះអ្នកនៅរស់រានមានជីវិត ប៉ុន្តែប្រឈមនឹងការលំបាកជាច្រើន។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថាយ៉ាងហោចណាស់មានកុមារចំនួន ០៦នាក់នៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែក ប៉ុន្តែការស្វែងរកមានការលំបាកជាខ្លាំងដោយសារបន្ទះបេតុងនិងផ្នែកធ្ងន់ៗផ្សេងទៀតនៃអគារ។ គ្រឿងបរិក្ខារធុនធ្ងន់មិនត្រូវបានប្រើប្រាស់ទេ ដោយសារបារម្ភថាវាអាចបណ្តាលឱ្យមានការដួលរលំបន្ថែមទៀត។
ក្រុមអ្នកជួយសង្គ្រោះបានកំពុងដំណើរការផ្តល់អុកស៊ីសែន ទឹក និងអាហារពីចន្លោះតូចចង្អៀតទៅកាន់អ្នកដែលនៅតែជាប់នៅក្រោមកំទេចកំទីដើម្បីរក្សាពួកគេឱ្យនៅរស់រានមានជីវិត ដោយពួកគេខ្លះត្រូវបានខ្ទាស់នៅនឹងកន្លែង។
សាលបន់ស្រន់មានពីរជាន់ ប៉ុន្តែពីរជាន់ទៀតត្រូវបានគេបន្ថែមដោយគ្មានការអនុញ្ញាត។ មន្រ្តីប៉ូលិសបាននិយាយថា គ្រឹះអគារចាស់ទំនងជាមិនអាចទប់បេតុងបានពីរជាន់ ហើយបានដួលរលំក្នុងអំឡុងពេលដំណើរការចាក់បេតុងតែម្តង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





