ន័រវេសរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រទេសចិនក្នុងឧស្សាហកម្មដែនសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ -- យោងតាមមន្ត្រីន័រវេសបាននិយាយកាលពីថ្ងៃចន្ទថា
ប្រទេសន័រវែសទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យឧស្សាហកម្មដែនសមុទ្រ និងវិស័យផ្សេងៗទៀត។
លោក ត្រុនស្តាដ សាហ្គេប៉ាក់កេន (Tronstad Sagebakken)រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងនេសាទ បានប្រាប់សារព័ត៌មាន Xinhua នៅក្រៅពិធីទទួលស្វាគមន៍ដែលរៀបចំដោយស្ថានទូតចិនប្រចាំប្រទេសន័រវេស ដើម្បីអបអរសាទរខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
លោក សាហ្គេប៉ាក់កេន បាននិយាយថា «ប្រទេសចិនគឺជាប្រទេសនាំមុខគេខាងផលិតកប៉ាល់សម្រាប់ម្ចាស់កប៉ាល់នៅប្រទេសន័រវេស និងជាទីផ្សារសំខាន់សម្រាប់ឧស្សាហកម្មដែនសមុទ្ររបស់យើង។ និយាយឱ្យខ្លីប្រទេសរបស់យើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមរយៈពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ» ដោយលោកបានបន្ថែមថា ភាគីទាំងពីរចែករំលែកគោលដៅរួមដើម្បីធ្វើឱ្យ «ឧស្សាហកម្មពណ៌ខៀវ»កាន់តែបៃតង។
លោកបាននិយាយថា ភាពជាដៃគូដែនសមុទ្រទ្វេភាគីត្រូវបានបោះយុថ្កានៅក្នុងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមសមុទ្រឆ្នាំ២០០៣ ហើយបានរីកចម្រើនតាមរយៈការសន្ទនាជាទៀងទាត់ និងការផ្លាស់ប្តូរឧស្សាហកម្ម។ក្នុងអំឡុងពេលមានពិព័រណ៍ Nor-Shipping 2025 នៅដើមខែមិថុនា ភាគីទាំងពីរបានចូលរួមយ៉ាងទូលំទូលាយនៅតំបន់ China Pavilion និងនៅក្នុងសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការបៃតងចិន-ន័រវេស។
លោក សាហ្គេប៉ាក់កេន ក៏បានចង្អុលបង្ហាញអំពីការរីកលូតលាស់នៃទំនាក់ទំនងអាហារសមុទ្រដោយស្វាគមន៍ការយល់ព្រមពីប្រទេសចិនក្នុងការនាំចូលក្តាមព្រិលន័រវេសផ្ទាល់។ លោកបាននិយាយថា ប្រទេសន័រវេសមានគោលបំណងពង្រីកការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសចិនទាំងបរិមាណ និងប្រភេទ ហើយធានាបាននូវនិរន្តរភាព។
កាលពីឆ្នាំមុន គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសន័រវេស និងប្រទេសចិន ដែលគូសបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីន័រវេស លោក ចូណាស់ ហ្គារ ស្ត័រ (Jonas Gahr Store)ទៅកាន់ប្រទេសចិនក្នុងខែកញ្ញា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





