ក្រុមហាម៉ាស់សន្យាថានឹងពិនិត្យមើលទៅលើផែនការ ២០ចំណុចរបស់លោក ដូណាល់ ត្រាំ សម្រាប់សន្តិភាពនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដោយដកស្រង់ប្រភពមួយថា ការឆ្លើយតបរបស់ចលនាប៉ាឡេស្ទីនហាម៉ាស់ទៅនឹងផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅតំបន់ហ្គាហ្សា ប្រហែលជាមិនកើតឡើងទេក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ផែនការនេះអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងក្នុងរយៈពេល ៧២ម៉ោង។ ឯកសារនោះក៏បាននិយាយដែរថាក្រុមហាម៉ាស់ និងក្រុមផ្សេងទៀត ត្រូវតែលះបង់ការចូលរួមរបស់ពួកគេក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា ទាំងដោយផ្ទាល់ និងដោយប្រយោល។ រង្វង់ដែនដីនេះនឹងត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការប៉ាឡេស្ទីនបែបបច្ចេកវិទ្យា និងនយោបាយ ដែលគ្រប់គ្រងដោយស្ថាប័នអន្តរជាតិដែលដឹកនាំដោយលោក ត្រាំ។
កាលពីថ្ងៃចន្ទ សេតវិមានបានចេញផ្សាយផែនការសន្តិភាព ២០ចំណុចរបស់លោក ត្រាំ សម្រាប់តំបន់ហ្គាហ្សា។ សារព័ត៌មានអាល់ចាហ្ស៊ីរ៉ា បានរាយការណ៍ដោយដកស្រង់ប្រភពការទូតថា ប្រទេសអេហ្ស៊ីប និងកាតា បានប្រគល់ផែនការនេះទៅឱ្យក្រុមហាម៉ាស់ហើយ ហើយក្រុមចលនានេះបានសន្យាថានឹងសិក្សាអំពីវា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





