នាយករដ្ឋមន្ត្រីអ៊ីស្រាអែលសុំទោសកាតា ចំពោះការវាយប្រហារ
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចេញការសុំទោសដ៏កម្រមួយទៅកាន់ប្រទេសកាតាកាលពីថ្ងៃចន្ទ ចំពោះការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយអ៊ីស្រាអែលនៅទីក្រុងដូហា។ ការសុំទោសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទត្រីភាគីជាមួយនាយករដ្ឋមន្ត្រីកាតា លោក ស្សេក មូហាំម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ ប៊ីន ចាស់ស៊ីម អាល់ ថានី (Sheikh Mohammed bin Abdulrahman bin Jassim Al Thani) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។លោក ណេតាន់យ៉ាហ៊ូ បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានកំណត់គោលដៅទៅលើមេដឹកនាំក្រុមហាម៉ាស់ ហើយបានសន្យាថា ការរំលោភលើអធិបតេយ្យភាពកាតានឹងមិនកើតឡើងម្តងទៀតទេ។ ការវាយប្រហារនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ០៥នាក់ និងមន្ត្រីសន្តិសុខកាតាម្នាក់ដោយការវាយប្រហារនេះត្រូវបានធ្វើថ្កោលទោសយ៉ាងខ្លាំងពីទីក្រុងដូហាដែលសង្កត់ធ្ងន់ទៅលើការការពារប្រជាពលរដ្ឋ និងបូរណភាពទឹកដីរបស់ខ្លួនថាជា «អាទិភាពដាច់ខាត»។
ការសុំទោសនេះត្រូវបានចាត់ទុកភ្លាមៗដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា ជាលក្ខខណ្ឌចាំបាច់សម្រាប់កាតាដើម្បីបន្តតួនាទីសំខាន់របស់ខ្លួនជាអ្នកសម្រុះសម្រួលក្នុងជម្លោះហ្គាហ្សា ជាពិសេសក្នុងការធានាបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។ លោក ណេតាន់យ៉ាហ៊ូ បានធានាចំពោះនាយករដ្ឋមន្ត្រីកាតាថា គោលដៅគឺក្រុមហាម៉ាស់មិនមែនប្រជាជនកាតាទេ ហើយបានយល់ព្រមទៅលើសំណើរបស់លោកប្រធានាធិបតី ត្រាំ សម្រាប់យន្តការត្រីភាគីដើម្បីដោះស្រាយជម្លោះនាពេលអនាគត។ ទោះបីជាមានភាពចាំបាច់ខាងការទូតក៏ដោយ ក៏ការសុំទោសនេះបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីក្រុមចម្រុះស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ដោយសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនត្រូវបានគេរាយការណ៍ថាបានចាត់ទុកទង្វើនេះថាជា «ការអាម៉ាស់»។
ការវាយប្រហារតាមអាកាសកាលពីថ្ងៃទី០៩ ខែកញ្ញា គឺជាការវាយប្រហារកន្លងមករបស់អ៊ីស្រាអែលប្រឆាំងនឹងមេដឹកនាំសកម្មប្រយុទ្ធនិងយោធានៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារលើទីក្រុងដូហា ដែលជាកន្លែងគណៈប្រតិភូហាម៉ាសមានវត្តមានដើម្បីពិភាក្សាអំពីសំណើបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនោះបានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ។ ទោះបីជាបានការពារការវាយប្រហារនេះមួយថ្ងៃមុនក៏ដោយ ការសុំទោសកាលពីថ្ងៃចន្ទរបស់លោក ណេតាន់យ៉ាហ៊ូ បានអនុញ្ញាតឱ្យកាតាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តបន្តរបស់ខ្លួនក្នុងការសម្របសម្រួលបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សាដោយធានានូវតួនាទីដ៏សំខាន់របស់រដ្ឋឈូងសមុទ្រមួយនេះក្នុងដំណើរការសន្តិភាព៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





