ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាកើនដល់ប្រមាណ ៦៦.១០០នាក់ ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តមិនឈប់ឈរ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៦៦.០៥៥នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។
សេចក្តីថ្លែងការណ៍របស់ក្រសួងនោះបាននិយាយថា សាកសពចំនួន ៥០នាក់ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលមនុស្សចំនួន ១៨៤នាក់ផ្សេងទៀតបានរងរបួស ដែលធ្វើឱ្យចំនួនអ្នករងរបួសកើនឡើងដល់ ១៦៨.៣៤៦នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា «ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវនៅឡើយ ដោយសារក្រុមអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបាន»។
គួរគូសបញ្ជាក់ផងដែរថា ជនជាតិប៉ាឡេស្ទីន ០៥នាក់បានស្លាប់ និង ៤៨នាក់ផ្សេងទៀតបានរងរបួសដោយសារការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែល ខណៈដែលពួកគេព្យាយាមទទួលជំនួយមនុស្សធម៌ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបនៃប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅពេលស្វែងរកជំនួយកើនឡើងដល់ ២.៥៧១នាក់ និងជាង ១៨.៨១៧នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីថ្ងៃទី២៧ ខែឧសភា។
កងទ័ពអ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួនទៅលើតំបន់ហ្គាហ្សាស្ទ្រីបនៅថ្ងៃទី១៨ ខែមីនា ហើយចាប់តាំងពីពេលនោះមក បានសម្លាប់មនុស្សចំនួន ១៣.១៨៧នាក់ និងរបួស ៥៦.៣០៥នាក់ផ្សេងទៀត ដោយបានរំលោភកិច្ចព្រមព្រៀងនៃបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោសដែលបានធ្វើឡើងកាលពីក្នុងខែមករា។
កាលពីខែវិច្ឆិកា ឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្គាល់លែនត៍ (Yoav Gallant) ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា។
អ៊ីស្រាអែលក៏ប្រឈមមុខនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិសម្រាប់សង្រ្គាមនៅក្នុងតំបន់ព័ទ្ធជុំវិញផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





