សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ និងពិភពលោក ពង្រីកវិទ្យាស្ថានដែលផ្តោតទៅលើសន្តិសុខនុយក្លេអ៊ែរ និងបញ្ញាសិប្បនិម្មិតក្នុងវិស័យសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ -- សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ និងពិភពលោក (UNWE) នឹងត្រូវបានពង្រីកជាមួយនឹងវិទ្យាស្ថានថ្មីចំនួនពីរ គឺវិទ្យាស្ថានសម្រាប់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសេដ្ឋកិច្ច និងវិទ្យាស្ថានសម្រាប់ពង្រឹងសមត្ថភាពស្រាវជ្រាវក្នុងឧស្សាហកម្មនុយក្លេអ៊ែរនិងសន្តិសុខនុយក្លេអ៊ែរ។ សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលបាននិយាយកាលពីសប្តាហ៍មុនថា សេចក្តីសម្រេចនេះត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រីបន្ទាប់ពីមានសំណើរបស់សាកលវិទ្យាល័យ។
ការបង្កើតវិទ្យាស្ថានសម្រាប់បញ្ញាសិប្បនិមិ្មតក្នុងវិស័យសេដ្ឋកិច្ចនេះ ជាការឆ្លុះបញ្ចាំងពីតួនាទីដែលកំពុងរីកចម្រើនរបស់ AI ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងការប្រកួតប្រជែង។ វិទ្យាស្ថាននឹងប្រមូលផ្តុំអ្នកជំនាញមកពីវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រកុំព្យូទ័រ ធុរកិច្ច និងវិទ្យាសាស្ត្រសង្គម ដើម្បីបង្កើតដំណោះស្រាយឈានមុខគេចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន រាប់ចាប់ពីដំណើរការហិរញ្ញវត្ថុដោយស្វ័យប្រវត្តិនិងការព្យាករវិបត្តិសេដ្ឋកិច្ចរហូតដល់ការបង្កើនប្រសិទ្ធភាពយុទ្ធសាស្រ្តអាជីវកម្ម។ វិទ្យាស្ថាននេះនឹងរួមបញ្ចូលនូវមន្ទីរពិសោធន៍ដែលផ្តោតសំខាន់ទៅលើការរៀនម៉ាស៊ីន ទិន្នន័យធំ និងគំរូសេដ្ឋកិច្ច មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាដើម្បីការតភ្ជាប់វិទ្យាសាស្ត្រ ធុរកិច្ច និងរដ្ឋបាលសាធារណៈព្រមទាំងមជ្ឈមណ្ឌលអប់រំដែលផ្តល់វគ្គសិក្សា ការបណ្តុះបណ្តាលរយៈពេលខ្លី និងកម្មវិធីវិជ្ជាជីវៈសម្រាប់ទាំងសិស្សានុសិស្ស និងអ្នកជំនាញ។
វិទ្យាស្ថានសម្រាប់ការបង្កើនសមត្ថភាពស្រាវជ្រាវក្នុងឧស្សាហកម្មនុយក្លេអ៊ែរ និងសន្តិសុខនុយក្លេអ៊ែរ នឹងសាងសង់នៅលើមជ្ឈមណ្ឌលជំនួយសន្តិសុខនុយក្លេអ៊ែរដែលមានស្រាប់។ វានឹងបម្រើជាវេទិកាសម្រាប់ការបណ្តុះបណ្តាលឯកទេស សិក្ខាសាលាអន្តរជាតិ និងការអភិវឌ្ឍគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិក្នុងវិស័យសន្តិសុខនុយក្លេអ៊ែរ។វិទ្យាស្ថាននេះនឹងសហការជាមួយដៃគូអន្តរជាតិនានា ដែលរួមមានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ គណៈកម្មការអឺរ៉ុប និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងចំណោមស្ថាប័នផ្សេងៗទៀត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BTA)





