ព្យុះទីហ្វុងប៊ូឡូយបង្កការបំផ្លិចបំផ្លាញនៅក្នុងប្រទេសហ្វីលីពីន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ -- អាជ្ញាធរហ្វីលីពីនបាននិយាយថា ព្យុះទីហ្វុងប៊ូឡូយ (Bualoi) បានឆក់យកជីវិតមនុស្សចំនួន ១១នាក់នៅក្នុងប្រទេសហ្វីលីពីន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ហើយវាកំពុងវាយលុកទៅលើប្រទេសវៀតណាម។
ព្យុះនេះបានវាយលុកទៅលើកោះតូចៗនៅកណ្តាលប្រទេសហ្វីលីពីនកាលពីថ្ងៃទី២៦ ខែកញ្ញា ដោយបានបំផ្លិចបំផ្លាញដើមឈើ និងបង្គោលភ្លើងបំផ្លាញដំបូលផ្ទះ ទឹកជំនន់ និងបង្ខំឱ្យប្រជាជន ៤០០.០០០នាក់ត្រូវជម្លៀសចេញ។
ក្នុងចំណោមការរងគ្រោះដ៏អាក្រក់បំផុតនោះ គឺកោះតូចប៊ីលីរ៉ាន់(Biliran) ដែលមានមនុស្ស ៨នាក់បានស្លាប់ និង ២នាក់បានបាត់ខ្លួន។ អ្នកដែលជម្លៀសខ្លួនកំពុងចាប់ផ្តើមវិលត្រឡប់ទៅផ្ទះវិញបណ្តើរៗហើយ ខណៈដែលអាកាសធាតុមានភាពប្រសើរឡើង។
ការិយាល័យការពារជនស៊ីវិលក្នុងទីក្រុងម៉ានីលបានរាយការណ៍នៅពេលមុននេះថា មានមនុស្សស្លាប់ ៣នាក់ផ្សេងទៀតនៅលើកោះម៉ាស់បាតេ (Masbate) និងកោះទីកាវ (Ticao) ដែលនៅក្បែរនោះ រួមទាំងមនុស្ស ២នាក់ទៀតដែលបានស្លាប់ដោយដើមឈើ និងជញ្ជាំងដែលត្រូវខ្យល់បក់ខ្លាំងដួលរលំលើ។
មនុស្ស ១៤នាក់នៅតែបាត់ខ្លួននៅទូទាំងភាគកណ្តាលប្រទេសហ្វីលីពីន ខណៈដែលមនុស្សជាង ២០០.០០០នាក់ស្ថិតនៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួនដែលជាផ្លូវព្យុះឆ្លងកាត់។
សេវាអាកាសធាតុរដ្ឋរបស់ប្រទេសហ្វីលីពីនបាននិយាយថា ព្យុះត្រូពិចនេះបានបោកបក់កាត់សមុទ្រខាងកើតកាលពីថ្ងៃទី២៧ ខែកញ្ញាដោយមានកម្លាំងខ្យល់ព្យុះទីហ្វុងក្នុងល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





