ឥណ្ឌូណេស៊ីកំណត់អត្តសញ្ញាណជនសង្ស័យ ១.០០០នាក់នៅក្នុងការតវ៉ាដ៏ហិង្សា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសឥណ្ឌូណេស៊ីបានកំណត់អត្តសញ្ញាណបុគ្គលប្រមាណជិត ១.០០០នាក់ ដែលត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការតវ៉ាដ៏ហិង្សាមួយកាលពីខែមុននៅទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ ស៊ីយ៉ាហា ឌីអាន់តូណូ (Syahar Diantono)ប្រធានទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មនគរបាលជាតិឥណ្ឌូណេស៊ី បាននិយាយថា មនុស្សចំនួន ៩៣៦នាក់ រួមទាំងអនីតិជនចំនួន ២៩៥នាក់ ត្រូវបានដាក់ឈ្មោះជាជនសង្ស័យពាក់ព័ន្ធនឹងការតវ៉ាដ៏ហិង្សាមួយកាលពីខែមុន។ នេះបើយោងតាមកាសែត The Jakarta Globe បានចេញផ្សាយ។
លោកបាននិយាយថា «ការអនុវត្តច្បាប់ គឺត្រូវបានអនុវត្តចំពោះតែអ្នកពាក់ព័ន្ធនឹងកុបកម្មប៉ុណ្ណោះ មិនមែនចំពោះពលរដ្ឋដែលតវ៉ាដោយសន្តិវិធីទេ»។
យ៉ាងហោចណាស់មនុស្ស ២០នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួស រួមទាំងមន្រ្តីប៉ូលិសផងដែរនៅក្នុងអំឡុងពេលនៃការតវ៉ានោះដែលដំបូងឡើយបានចាប់ផ្តើមនៅក្នុងការប្រឆាំងទៅនឹងការស្នើសុំដំឡើងប្រាក់ឧបត្ថម្ភរបស់សមាជិកសភា។ ស្ថានការណ៍កាន់តែតានតឹងឡើង បន្ទាប់ពីអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានរថយន្តពាសដែករបស់ប៉ូលិសពាសដែកបានបុកស្លាប់នៅក្នុងទីក្រុងហ្សាកាតាកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលបង្កឱ្យមានកុបកម្មនៅក្នុងខេត្តមួយចំនួនទៀត។
នៅទីក្រុងហ្សាកាតា ក្រុមបាតុករបានដុតស្ថានីយ៍ប៉ូលិស និងអគាររដ្ឋាភិបាល បំផ្លាញយានយន្តរាប់សិបគ្រឿង កម្ទេចប៉ុស្តិ៍យាមល្បាត និងមន្ត្រីជាច្រើនរងរបួសដោយការគប់ដុំថ្ម៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





