ទោះចាញ់ម្ចាស់ផ្ទះ NAM DINH FC តែគ្រូបង្គោលព្រះខ័នរាជស្វាយរៀង សរសើរកូនក្រុមបង្ហាញទម្រង់លេងមួយដែលល្អ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥--បើទោះបីជាប្រកួតចាញ់ជាមួយក្រុមម្ចាស់ផ្ទះ NAM DINH FC របស់វៀតណាម ដោយលទ្ធផល ១-២ យ៉ាងណាក្តី ក៏គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀង លោក MATTHEW McCONKEY បានសរសើរកូនក្រុមរបស់ខ្លួនបង្ហាញទម្រង់លេងបានល្អដែរ។

ក្រោយបញ្ចប់ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ NAM DINH FC របស់វៀតណាម នៅកីឡដ្ឋាន Thien Truong Stadium កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ គ្រូបង្គោលរូបនេះលើកឡើងថា លោកសប្បាយចិត្តសម្រាប់ក្រុមរបស់លោក នៅក្នុងការប្រកួតនេះដែលក្រុមបានបង្ហាញទម្រង់លេងមួយដែលល្អ។ កូនក្រុមរបស់លោកមានឱកាសល្អច្រើន ប៉ុន្តែធ្វើមិនបានល្អ។ លោក MATTHEW McCONKEY បន្ថែមថា ចំពោះក្រុមម្ចាស់ផ្ទះ ក្រុម NAM DINH FC មានឱកាសគឺធ្វើសម្រេចតែម្តង។ ពេលខ្លះក៏រីករាយ ប៉ុន្តែពេលខ្លះក៏ធ្វើមិនបានដូចចិត្តយើង ដោយនេះគឺជាបាល់ទាត់។

គួរបញ្ជាក់ថា ក្នុងការប្រកួតនេះ ក្រុម NAM DINH FC បានបើកការនាំមុខលើក្រុមព្រះខ័នរាជស្វាយរៀង ២-០ នៅវគ្គទី១ ហើយនៅវគ្គទី២ ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀងរកបាន១គ្រាប់តាមពីក្រោយវិញ នៅនាទី៨១។ នេះជាការប្រកួតវគ្គសន្សំពិន្ទុ ក្នុងពូល B ពានរង្វាន់ក្លឹបកំពូលជើងឯកអាស៊ាន-ASEAN Club Championship Shopee Cup ២០២៥-២០២៦។ ព្រះខ័នរាជស្វាយរៀង នៅសល់៣ប្រកួតទៀត ដែលនៅក្នុងពូល B នេះ មាន៦ក្រុម ដូចជា ព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា ក្រុម Johor Darul Ta'zim របស់ម៉ាឡេស៊ី, Bangkok United របស់ថៃ, Nam Định របស់វៀតណាម, Lion City Sailors សិង្ហបុរី និងShan United របស់មីយ៉ាន់ម៉ា៕


ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបព្រះខ័នរាជស្វាយរៀង)





