ការវិនិយោគបរទេសរបស់អាស៊ានកើនឡើង ៨% ខណៈដែលការវិនិយោគបរទេសរបស់សកលលោកថយចុះ ១១% ក្នុងឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ -- បើទោះបីជាមានការព្យាករណ៍ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការកើនឡើងនូវលទ្ធិគាំពារនិយមក៏ដោយ ក៏អាស៊ាននៅតែជាចំណុចលេចធ្លាសម្រាប់ការទាក់ទាញការវិនិយោគដែរ។ នៅក្នុងឆ្នាំ២០២៤ ខណៈដែលការវិនិយោគផ្ទាល់ពីបរទេស(FDI) របស់សកលលោកបានធ្លាក់ចុះ ១១% ការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងតំបន់អាស៊ានបានកើនឡើង ៨% ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនយ៉ាងខ្លាំងចំពោះសក្តានុពលក្នុងតំបន់។
ប្លុកនេះបានគូសបញ្ជាក់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូលរបស់ខ្លួន ក៏ដូចជាភាពកណ្តាល និងអព្យាក្រឹតភាពរបស់អាស៊ាន។
រដ្ឋមន្ត្រីអាស៊ាននឹងបន្តពិភាក្សាជាមួយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រួមទាំងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគ (TIFA)។ ប្លុកនេះក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនដែលបានធ្វើបច្ចុប្បន្នភាពនៅក្នុងខែតុលាខាងមុខនេះ។
លើសពីនេះទៀត អាស៊ានបានកំណត់ពេលជួបសន្ទនាជាមួយប្រទេសសេដ្ឋកិច្ចជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពីវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ។ ប្លុកនេះក៏កំពុងពង្រឹងទំនាក់ទំនងជាមួយដៃគូមួយចំនួន ដូចជាក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងសាធារណៈរដ្ឋកូរ៉េតាមរយៈការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





