អាស៊ានបង្កើនសមាហរណកម្មសេដ្ឋកិច្ចដើម្បីជម្នះបញ្ហាប្រឈមជាសកល
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ -- ចំពេលដែលមានការប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដ៏ស្មុគ្រស្មាញនៅទូទាំងពិភពលោកអាស៊ានបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៧ (AEM) កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មន្ត្រីក្នុងតំបន់បានពិភាក្សា និងជំរុញគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនក្នុងគោលបំណងពង្រឹងភាពធន់ ធានានូវវិបុលភាពរួមគ្នា និងការលើកកម្ពស់តួនាទីស្នូលរបស់ប្លុក។
រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ីលោក ហ្សាហ្រ្វុល អាប់ឌុល អាហ្ស៊ីស (Zafrul Abdul Aziz) បាននិយាយថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល (DEFA) និងការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងផ្សេងទៀតដែលនឹងត្រូវអនុម័តនៅខែក្រោយនៅឯកិច្ចប្រជុំកំពូលអាស៊ាននោះ ត្រូវបានកំណត់ដើម្បីជួយជំរុញដល់ពាណិជ្ជកម្មក្នុងតំបន់។ កិច្ចព្រមព្រៀង DEFA ត្រូវបានគេរំពឹងថានឹងធ្វើឱ្យសេដ្ឋកិច្ចឌីជីថលរបស់អាស៊ានកើនឡើងទ្វេដងដល់ ២ទ្រីលានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០។
អាទិភាពទីពីរ គឺការធ្វើបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលគ្រោងសម្រាប់ខែតុលា ឆ្នាំ២០២៥។ ការធ្វើបច្ចុប្បន្នភាព ATIGA នឹងរួមបញ្ចូលធាតុថ្មីដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើង រួមទាំងទំនិញដែលផលិតឡើងវិញ ពាណិជ្ជកម្ម បរិស្ថាន និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានការបើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់ ខណៈដែលជួយកាត់បន្ថយរបាំងពាណិជ្ជកម្ម។
ទោះបីជាចំណែកនៃពាណិជ្ជកម្មក្នុងអាស៊ាននៅតែមានស្ថិរភាពក៏ដោយ ក៏គំនិតផ្តួចផ្តើមទាំងនេះត្រូវបានគេរំពឹងថានឹងជួយជំរុញទំហំទាំងមូលនៃប្រតិបត្តិការនៅក្នុងតំបន់។
ក្រៅពីនេះ រដ្ឋមន្ត្រីទាំងអស់ក៏បានពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនទៀតផងដែរ ដែលរួមមានទាំងក្របខណ្ឌអាស៊ានសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ផែនទីបង្ហាញផ្លូវសម្រាប់រថយន្តអគ្គិសនីនៅក្នុងប្លុក និងកិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់តាមរយៈបណ្តាញថាមពលអាស៊ាន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





