ការបាក់ដីយ៉ាងធ្ងន់ធ្ងរវាយប្រហាររាជធានីរបស់ប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul)បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ទៅលើការបាក់ដីដ៏ធំ ដែលបានកើតឡើងនៅក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ។
ការបាក់ស្រុតនេះបានកើតឡើងនៅជិតមន្ទីរពេទ្យវ៉ាជីរ៉ា នៅលើផ្លូវសាមសេន ដែលបណ្តាលមកពីការបាក់ដីនៅការដ្ឋានសាងសង់ផ្លូវរថភ្លើងក្រោមដី (MRT) ខ្សែពណ៌ស្វាយថ្មីមួយ។
គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីខ្សែពណ៌ស្វាយថ្មីនេះ ជាផ្លូវក្រោមដីខ្នាតធំដែលលាតសន្ធឹងពីរដ្ឋសភាកាត់តាមផ្លូវសាមសេន ផ្លូវរូងក្រោមទន្លេចៅប្រាយ៉ា ហើយបន្តទៅដល់តំបន់ស៊ុកសាវ៉ាត។ ផ្លូវទំហំ ៣០គុណ៣០ម៉ែត្រនៅមុខមន្ទីរពេទ្យវ៉ាជីរ៉ាស្រាប់តែត្រូវបាក់ស្រុតបង្កើតជារណ្តៅមួយដែលមានជម្រៅដល់ទៅ ៥០ម៉ែត្រ ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅចំណុចដ៏ស្មុគស្មាញបំផុតមួយនៅតាមបណ្តោយផ្លូវនេះ ដែលជាផ្លូវរូងក្រោមដីកាត់ជាមួយស្ថានីយ៍មន្ទីរពេទ្យវ៉ាជីរ៉ានាពេលអនាគត។ ដីបានបាក់ស្រុតចូលទៅក្នុងផ្លូវរូងក្រោមដីដែលបណ្ដាលឱ្យសំណង់ដែលនៅជុំវិញត្រូវរលំ និងបាក់បំពង់បង្ហូរទឹកដ៏សំខាន់។
បន្ទាប់ពីបានពិនិត្យទីតាំងនោះ លោកនាយករដ្ឋមន្ត្រី អានុទីន បានបញ្ជាក់ថា ហេតុការណ៍នេះមិនមានអ្នកស្លាប់នោះទេ ប៉ុន្តែលោកបានកត់សម្គាល់ថា រណ្តៅលិចទឹកបានធ្វើឱ្យខូចខាតដល់ស្ថានីយ៍ប៉ូលិសមួយហើយបានបង្ខំឱ្យមន្ទីរពេទ្យវ៉ាជីរ៉ាផ្អាកសេវាពិគ្រោះអ្នកជំងឺក្រៅ។
អាជ្ញាធរដឹកជញ្ជូនរហ័សនៃប្រទេសថៃ (MRTA) បានផ្អាកការសាងសង់ខ្សែរថភ្លើងពណ៌ស្វាយក្នុងតំបន់រងគ្រោះនោះ។ ទន្ទឹមនឹងនេះអាជ្ញាធរក្រុងបានកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹក ដើម្បីគ្រប់គ្រងហានិភ័យ និងអនុវត្តវិធានការសង្គ្រោះបន្ទាន់ ដូចជាការបិទការលេចធ្លាយនៅក្នុងផ្លូវរូងក្រោមដី ការវាយតម្លៃសុវត្ថិភាពនៃអគារនៅក្បែរនោះ ការត្រួតពិនិត្យចលនាដី និងការគ្រប់គ្រងចរាចរណ៍។
អភិបាលក្រុងបាងកក លោក ឆាដឆាត សិទ្ធិពុន (Chadchart Sittipunt) បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។ ក្រុមអ្នកជំនាញត្រូវបានបង្កើតឡើងដើម្បីវាយតម្លៃ និងឆ្លើយតបទៅនឹងហានិភ័យដែលអាចកើតមាន។
មន្ទីរពេទ្យវ៉ាជីរ៉ាបានផ្អាកសេវាកម្មពិគ្រោះអ្នកជំងឺក្រៅរយៈពេលពីរថ្ងៃហើយបានជម្លៀសអ្នកជំងឺក្នុងមន្ទីរពេទ្យប្រហែល ៣.៥០០នាក់ចេញពីអគារដែលនៅជិតកន្លែងបាក់ស្រុតដីនោះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





