អាស៊ានជំរុញកម្មសិទ្ធិបញ្ញាសម្រាប់នវានុវត្តន៍ និងការរីកចម្រើន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ -- បណ្តាប្រទេសជាសមាជិកអាស៊ាន បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការទាញយកកម្មសិទ្ធិបញ្ញាសម្រាប់នវានុវត្តន៍ ការប្រកួតប្រជែង និងការរីកចម្រើនជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-WIPO នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ីលោក តេងគូ ដាឌុក សេរី ហ្សាហ្រ្វុល អាប់ឌុល អាហ្ស៊ីស (Tengku Datuk Seri Zafrul Abdul Aziz) ជាមួយអគ្គនាយកអង្គការ WIPO លោក ដារេន តាង (Daren Tang)។ ព្រឹត្តិការណ៍នេះផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការពង្រីកគំនិតផ្តួចផ្តើមក្រោមភាពជាដៃគូ។
លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងអំពីវឌ្ឍនភាពដ៏សំខាន់របស់តំបន់នេះក្នុងការអភិវឌ្ឍន៍កម្មសិទ្ធបញ្ញា។
លោកបានកត់សម្គាល់ថា ការដាក់ពាក្យសុំប៉ាតង់បានកើនឡើង ៧០% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ឯកសាររចនាឧស្សាហកម្ម ៨០% និងពាក្យសុំពាណិជ្ជសញ្ញា ១១០%។ ការវិនិយោគទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) បានកើនឡើងដល់ប្រមាណជិត ៥៥ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៣ ដែលជំរុញឱ្យមានការនាំចេញបច្ចេកវិទ្យាខ្ពស់មានតម្លៃ ៥៩៨ពាន់លានដុល្លារអាម៉េរិក។
មន្ត្រីរូបនេះបាននិយាយថា អាស៊ានឥឡូវនេះមានទុនវិនិយោគក្នុងវិស័យនេះចំនួន ១១០ពាន់លានដុល្លារអាម៉េរិក ដោយមានប្រទេសសមាជិកអាស៊ានចំនួន៦ ជាប់ចំណាត់ថ្នាក់ក្នុងចំណាត់ថ្នាក់កំពូលទាំង៥៥ នៃសន្ទស្សន៍នវានុវត្តន៍សកលលោកឆ្នាំ២០២៤ របស់អង្គការ WIPO ។
សមិទ្ធិផលទាំងនេះបញ្ជាក់សារជាថ្មីថា វិស័យកម្មសិទ្ធិបញ្ញាកំពុងផ្តល់ថាមពលដល់ការផ្លាស់ប្តូររបស់អាស៊ានទៅជាតំបន់សេដ្ឋកិច្ចដែលជំរុញដោយការបង្កើតថ្មីដែលមានតម្លៃខ្ពស់។
កិច្ចប្រជុំនោះក៏មានការបើកដំណើរការផងដែរនូវមូលដ្ឋានទិន្នន័យសូចនាករភូមិសាស្រ្តអាស៊ាន (GI) ដែលជាវេទិកាថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីពង្រឹងម៉ាកយីហោដែលមានមូលដ្ឋានលើប្រភពដើម គាំទ្រអ្នកផលិតក្នុងស្រុក និងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ក្នុងតំបន់ ដែលបំពេញបន្ថែមនូវគំនិតផ្តួចផ្តើមដែលកំពុងបន្ត ដូចជាគ្លីនិកគ្រប់គ្រងកម្មសិទ្ធិបញ្ញា ប្រអប់ឧបករណ៍វាយតម្លៃ និងបណ្តាញមជ្ឈមណ្ឌលគាំទ្រការនវានុវត្តន៍បច្ចេកវិទ្យាអាស៊ាន។ គម្រោងនេះមានគោលបំណងជួយដល់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ឱ្យទទួលបានហិរញ្ញប្បទាននិងពន្លឿននវានុវត្តន៍។
លោក ហ្សាហ្រ្វុល បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការ WIPO គឺជាចំណុចសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចដែលជំរុញដោយចំណេះដឹងបន្ថែមទៀត ជាពិសេសនៅពេលដែលតំបន់នេះរៀបចំផែនការសកម្មភាពសិទ្ធិនៃកម្មសិទ្ធិបញ្ញារបស់អាស៊ានឆ្នាំ២០២៦-២០៣០។
លោកបានសង្កត់ធ្ងន់ថា ចក្ខុវិស័យរួមរបស់អាស៊ាន គឺការទាញយកអំណាចនៃកម្មសិទ្ធិបញ្ញាជាកាតាលីករសម្រាប់នវានុវត្តន៍ បរិយាប័ន្ន និងកំណើនប្រកបដោយចីរភាព៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





