ពិព័រណ៍ចិន-អាស៊ាន បង្ហាញការចាប់អារម្មណ៍ទៅលើនវានុវត្តន៍ឌីជីថល ខណៈដែលភាពជាដៃគូពាណិជ្ជកម្មកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ -- ពិព័រណ៍ចិន-អាស៊ាន (CAEXPO) លើកទី២២ បានធ្វើពិធីបើកនៅទីក្រុងណាននីង ប្រទេសចិន ហើយត្រូវបានកោតសរសើរដោយបណ្តាមេដឹកនាំបរទេសថាជាវេទិកាដ៏សំខាន់សម្រាប់សមាហរណកម្មសេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ។ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានពិពណ៌នាពិព័រណ៍នេះថា ជាកាតាលីករសម្រាប់សមាហរណកម្មកាន់តែស៊ីជម្រៅ នវានុវត្តន៍ និងកំណើនរយៈពេលវែង ដោយលោកបានសង្កត់ធ្ងន់ទៅលើតួនាទីរបស់កម្មវិធីនេះក្នុងនាមជាវេទិកាធុរកិច្ចឆ្លងព្រំដែនដ៏សំខាន់ និងជាកម្លាំងស្ថិរភាពសម្រាប់ពាណិជ្ជកម្មពិភពលោក។
នៅក្នុងនោះដែរ មេដឹកនាំមកពីប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជាក៏បានកោតសរសើរចំពោះព្រឹត្តិការណ៍នេះដែរ ដែលធ្វើឡើងសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ខណៈដែលជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនក្នុងតំបន់។
ប្រធានបទសំខាន់នៅក្នុងពិព័រណ៍នៅក្នុងឆ្នាំនេះ គឺការផ្តោតសំខាន់ថ្មីទៅលើបច្ចេកវិទ្យា និងនវានុវត្តន៍ ស្របពេលជាមួយនឹងការបញ្ចប់កិច្ចចរចាសម្រាប់កំណ៣.០ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA 3.0)។ បណ្តាមេដឹកនាំទាំងនោះបានគូសបញ្ជាក់ពីកិច្ចព្រមព្រៀងដែលបានធ្វើឱ្យប្រសើរឡើងនេះថា ជា «ជំពូកថ្មី» នៅក្នុងភាពជាដៃគូរបស់ពួកគេ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្គត់ផ្គង់ខ្សែសង្វាក់តភ្ជាប់ ការផ្លាស់ប្តូរឌីជីថល និងថាមពលបៃតង។
ជាមួយគ្នានេះ ពួកគេក៏បានកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀងថ្មីបានបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគេក្នុងការរក្សាប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ ចំពេលដែលមានការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាជាសកល ដែលមានគោលបំណងកសាងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានការបើកចំហ និងយុត្តិធម៌ជាងមុន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ភីបផលដេលី)





