ពិព័រណ៍ពាណិជ្ជកម្មធ្វើឡើង ខណៈដែលពាណិជ្ជកម្មចិន-អាស៊ានឡើងដល់កម្រិតខ្ពស់មួយ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ -- អនុប្រធានាធិបតីចិន លោក ហាន់ ចេង (Han Zheng) បានបញ្ជាក់អំពីឆន្ទៈរបស់ប្រទេសចិនក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីលើកកម្ពស់ការរួមរស់ និងកិច្ចសហប្រតិបត្តិការដោយសន្តិភាព ដោយមានគោលដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ថ្លែងនៅក្នុងពិធីតាំងពិព័រណ៌ចិន-អាស៊ានលើកទី២២ នៅទីក្រុងណាននីង លោកបានបញ្ចេញមតិចំពោះការពន្លឿនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការបង្កើតកំណែ៣.០ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA 3.0) និងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ លោក ហាន់ ក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរួមបញ្ចូលឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ ពង្រីកឧស្សាហកម្មថ្មី និងការពារស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកផងដែរ។
តំណាងមកពីប្រទេសម៉ាឡេស៊ី និងវៀតណាម ក៏បានចែករំលែកមតិយោបល់ស្រដៀងគ្នានេះដែរ។ លោក ហ្វាឌីលឡាហ៍ យូសូហ្វ (Fadillah Yusof) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ពីការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងចិន និងអាស៊ាន ដោយលោកបានកត់សម្គាល់អំពីតួនាទីរបស់ពួកគេក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់គ្នាទៅវិញទៅមក។ លោកបានជំរុញឱ្យមានពិពិធកម្មពាណិជ្ជកម្ម និងយុទ្ធសាស្រ្តវិនិយោគបន្ថែមទៀត ដើម្បីធានាបាននូវវិបុលភាពរួមគ្នា។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក មៃ វ៉ាន់ជិញ (Mai Van Chinh) បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ការបើកទីផ្សារ និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតម្រឹមយុទ្ធសាស្ត្រ ដើម្បីបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ លោកក៏បានចង្អុលបង្ហាញទៅលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ដែលជាកត្តាជំរុញថ្មីសម្រាប់កិច្ចសហប្រតិបត្តិការដែរ។
ពិធីតាំងពិពរ័ណ៍នេះត្រូវបានធ្វើឡើង ខណៈដែលទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងអាស៊ានកំពុងមានការកើនឡើង។ ទិន្នន័យពីរដ្ឋបាលទូទៅនៃគយចិនបានបង្ហាញថា ពាណិជ្ជកម្មចិន-អាស៊ានបានកើនឡើង ៩,៧% ពីមួយឆ្នាំទៅមួយឆ្នាំដែលឈានដល់តម្លៃ ៤,៩៣ទ្រីលានយន់ (៦៩៤ពាន់លានដុល្លារអាម៉េរិក) ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៥។ បណ្តាក្រុមហ៊ុនចិនបានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ានជាមួយនឹងចំណូលកើនឡើងចំនួន ៤៨០ពាន់លានដុល្លារអាម៉េរិកនៅចុងខែកក្កដា។ ក្រុមហ៊ុនមួយចំនួន ដូចជាក្រុមហ៊ុនសាងសង់ទំនាក់ទំនងចិន និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត iFlytek កំពុងប្រើប្រាស់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង CAFTA 3.0 ដើម្បីពង្រីកគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មី និងសេវាកម្មឌីជីថលនៅទូទាំងតំបន់ ដោយរួមបញ្ចូលបន្ថែមទៀតនៃសេដ្ឋកិច្ចភាគីទាំងពីរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





