អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ចុះកិច្ចព្រមព្រៀង ស្តីពីការការពារគ្នាទៅវិញទៅមក
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានសាអូឌីត បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការការពារគ្នាទៅវិញទៅមក កាលពីថ្ងៃពុធនៅក្នុងរដ្ឋធានីរីយ៉ាដរបស់អារ៉ាប៊ីសាអូឌីត ដែលប្រសិនបើមានការវាយប្រហារប្រឆាំងនឹងប្រទេសណាមួយ នោះវានឹងត្រូវបានចាត់ទុកថាជាការឈ្លានពានប្រឆាំងនឹងប្រទេសទាំងពីរ។
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត និងជានាយករដ្ឋមន្ត្រី ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់មេន អាល់ សាអូដ (Mohammed bin Salman Al Saud) និងនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក ស្សេបាស់ ស្សារីហ្វ (Shehbaz Sharif) ដែលកំពុងបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយបន្ទាប់ពីការពិភាក្សារបស់ពួកគេថា កិច្ចព្រមព្រៀងដែលហៅថា កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រនេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការពង្រឹងសន្តិសុខជាតិ និងការលើកកម្ពស់សន្តិភាពក្នុងតំបន់ និងលើសពីនេះ។
ពួកគេបាននិយាយបន្ថែមថា កិច្ចព្រមព្រៀងនេះមានគោលបំណងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី និងជំរុញការទប់ស្កាត់រួមគ្នាប្រឆាំងនឹងការឈ្លានពានណាមួយ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ ដែលជាបញ្ហាផលប្រយោជន៍រួម និងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិសុខ និងស្ថិរភាពផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





