ឯកឧត្តមបណ្ឌិត ថោង ខុន៖ កីឡាជាការប្រកួតប្រជែង ការព្យាយមទ្រាំនឹងការឈឺចាប់ ទើបមានឱកាសឈ្នះជើងឯក
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគូសបញ្ជាក់ថា ៖«កីឡា គឺជាវិស័យប្រកួតប្រជែងមួយ ដែលត្រូវការចំណេះដឹងជំនាញ ឆន្ទៈមោះមុត ការអត់ធ្មត់ ការតស៊ូព្យាយាម ទ្រាំនឹងការឈឺចាប់ និងឧបសគ្គគ្រប់បែបយ៉ាង ដោយមិនបោះបង់ចោល នោះទើបមានឱកាសក្លាយជាជើងឯក និងជោគជ័យក្នុងអាជីពកីឡាបាន ពីព្រោះក្នុងចំណោមកីឡាកររាប់រយ រាប់ពាន់នាក់ ប៉ុន្តែជើងឯកមានតែម្នាក់គត់។

នេះជាការផ្តល់អនុសាសន៍ណែនាំ១ចំណុចរបស់ឯកឧត្តមបណ្ឌិត នៅក្នុងចំណោមអនុសាសន៍សំខាន់ៗមួយចំនួនទៀត ដែលបានផ្តល់ជូនដល់មន្ត្រីកីឡា ក្នុងឱកាសបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការ NOCC។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា យើងត្រូវកំណត់ចក្ខុវិស័យ និងយុទ្ធសាស្រ្តសម្រាប់ខ្លួនឯង ក៏ដូជាសម្រាប់អង្គភាពឱ្យច្បាស់លាស់ ដើម្បីទទួលបានជោគជ័យទាំងក្នុងជីវិត និងការងារកីឡា។ តើត្រូវរៀនហើយរៀនទៀត រៀនអស់មួយជីវីតដើម្បីអ្វី នោះគឺដើម្បីផ្លាស់ប្ដូរឥរិយាបថមិនល្អ ឈានទៅឈ្នះលើខ្លួនឯង អាចជួយដល់អ្នកដទៃ និងជួយដល់សង្គមជាតិបាន។ មន្រ្តីកីឡាមានភារកិច្ចបំពេញការងារក្នុងអង្គការកីឡាជាតិ ឬសហព័ន្ធកីឡាជាតិ ដែលត្រូវតែបំពេញការងារកីឡា ដោយការទទួលខុសត្រូវខ្ពស់ មានក្រមសីលធម៌វិជ្ជាជីវៈកីឡា ប្រកបដោយភាពស្មោះត្រង់ ក្លាហានមោះមុត វៃឆ្លាត ពិសេសចេះយកបច្ចេកវិទ្យាថ្មីៗ និងបញ្ញាសិប្បនិម្មិត (AI) មកប្រើជាប្រយោជន៍គ្រប់គ្រងរដ្ឋបាលយ៉ាងមានប្រសិទ្ធភាព។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ទៀតថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ដែលមានសារៈសំខាន់ជាមូលដ្ឋានក្នុងដំណើរការដឹកនាំ គ្រប់គ្រងអង្គការកីឡាប្រកបដោយតម្លាភាព សុចរិតភាព អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំល្អស្រប ដើម្បីធានាប្រសិទ្ធភាពការងារកីឡាឈានទៅអភិវឌ្ឍវិស័យកីឡាជំនាញនីមួយៗឱ្យទទួលបានភាពប្រកួតប្រជែងស្មើគុណផលកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក នាពេលអនាគត។ ជាមួយគ្នានេះ សិក្ខាកាមទាំងអស់ក៏បានយល់ដឹងអំពីគោលការណ៍អភិបាលកិច្ចល្អរបស់ចលនាអូឡាំពិក ដែលជាគោលការណ៍គន្លឹះសំខាន់តម្រូវឱ្យសមាជិកនៃចលនាអូឡាំពិកទាំងអស់រួមទាំងសហព័ន្ធកីឡាជាតិអនុវត្តឱ្យខ្ជាប់ខ្ជួន ដើម្បីធានាអនុលោមភាពស្របតាមធម្មនុញ្ញអូឡាំពិក។

រដ្ឋបាលកីឡាត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់លាស់នូវនិយាមរដ្ឋបាលកីឡាជាតិ និងនិយាមរដ្ឋបាលកីឡាអន្តរជាតិ ដោយមានន័យថា កម្ពុជាមានគោលនយោបាយកីឡាជាតិ មានគោលការណ៍យុទ្ធសាស្រ្ត និងអភិវឌ្ឍកីឡាជាតិ ដែលជាបន្ទាត់នយោបាយតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ក៏ប៉ុន្តែរាល់ការអនុវត្តត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព អនុលោមភាពទៅនឹងគោលការណ៍គ្រឹះកីឡាអន្តរជាតិ និងធម្មនុញ្ញអូឡាំពិកអន្តរជាតិ នោះទើបកីឡាមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

វគ្គសិក្សានេះ បានផ្ដល់នូវពុទ្ធិល្អៗ ថ្មីៗ ទាំងរដ្ឋបាលកីឡា បច្ចេកទេសកីឡា វិទ្យាសាស្រ្តកីឡា និងទ្រឹស្ដីកីឡា អាចឱ្យប្អូនៗសិក្ខាកាម យកទៅបម្រើការក្នុងសហព័ន្ធកីឡាជាតិប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែកត្តាសំខាន់ គឺត្រូវយកលទ្ធផលនៃចំណេះដឹងជំនាញពីការសិក្សាទៅអនុវត្តឱ្យបានត្រឹមត្រូវ និងបន្តចែករំលែកដល់គ្រួសារកីឡារបស់ខ្លួនបន្ថែមទៀត ទើបអាចផ្ដល់ផលវិជ្ជមាន និងទទួលបានលទ្ធផលជាក់ស្ដែង ក្នុងការកសាងនិងអភិវឌ្ឍវិស័យកីឡាជំនាញនៅតាមសហព័ន្ធកីឡាជាតិ។
ឯកឧត្តមបណ្តិតទេសរដ្ឋមន្ត្រីលើកឡើងទៀតថា កីឡា គឺជាមុខវិជ្ជាជំនាញវិជ្ជាជីវៈមួយ ដែលមានក្រឹត្យក្រមបច្ចេកទេស បទប្បញ្ញត្តិបច្ចេកទេស និង បទដ្ឋានគតិយុត្តកីឡាជាលក្ខណៈអន្តរជាតិ ដោយគ្មានប្រទេសណា ឬរដ្ឋណាមួយ ធ្វើសកម្មភាពផ្ទុយនឹងស្ដង់ដា កីឡាជាអន្តរជាតិបានទេ។ ក្នុងនោះការអនុវត្តគោលនយោបាយអភិវឌ្ឍកីឡាជាតិគ្រប់ប្រទេសត្រូវធានាឱ្យបានអនុលោមស្របតាមធម្មនុញ្ញអូឡាំពិកក្នុងភាពជាដៃគូ និងស្វ័យភាពនៃចលនាអូឡាំពិកជាតិ រវាងអង្គការសង្គមកីឡា និងអាជ្ញាធររដ្ឋកីឡា ដែលតម្រូវឱ្យមានតុល្យភាពដោយគោរពគ្នាទៅវិញទៅមកចំពោះស្វ័យភាព អំណាច បុព្វសិទ្ធិ និងការទទួលខុសត្រូវរៀងៗខ្លួនក្នុងការរួមគ្នាជំរុញអភិវឌ្ឍកីឡាជាតិ ស្របតាមគោលការណ៍រួមសហការ និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ NOCC ក៏គ្រោងរៀបចំវគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់ Advanced Sports Management Course ជាលើកដំបូងនៅឆ្នាំនេះ ដែលជាវគ្គកម្រិតទី២ សម្រាប់មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំកីឡា ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀតក្នុងការគ្រប់គ្រងស្ថាប័នកីឡារបស់ខ្លួនប្រកបដោយ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមគោលការណ៍ការដឹកនាំរបស់ចលនាអូឡាំពិក។ ដូច្នេះ ប្រធាន NOCC បានអំពាវនាវដល់សិក្ខាកាមដែលបញ្ចប់វគ្គរដ្ឋបាលកីឡានាថ្ងៃនេះ ក៏ដូចជាថ្នាក់ដឹកនាំកីឡាបន្តចូលរួមរៀនវគ្គគ្រប់គ្រងកីឡាកម្រិតខ្ពស់នេះឱ្យបានគ្រប់ៗគ្នា៕
ដោយ ហេង ណាលីន (រូបភាព៖ NOCC)





