សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី៥ នៅក្នុងសន្ទស្សន៍នវានុវត្តន៍សកលលោកឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសសិង្ហបុរីបានរក្សាជំហររឹងមាំរបស់ខ្លួននៅក្នុងសន្ទស្សន៍នវានុវត្តន៍សកលលោក (GII) ឆ្នាំ២០២៥ ដោយទទួលបានចំណាត់ថ្នាក់ទី៥ នៅទូទាំងពិភពលោកសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា និងជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាស៊ីបូព៌ា និងអូសេអានី (SEAO)។ ដោយត្រូវបានចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សន្ទស្សន៍ GII គឺវាយតម្លៃសេដ្ឋកិច្ចទៅលើទាំងនវានុវត្តន៍នៃធាតុចូល និងនវានុវត្តន៍នៃលទ្ធផល។ប្រទេសសិង្ហបុរីក៏បាននាំមុខគេនៅក្នុងសូចនាករបុគ្គលច្រើនបំផុតសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដោយនាំមុខចំនួន ១០សូចនាករក្នុងចំណោមសូចនាករសរុបចំនួន៧៨។
ភាពជោគជ័យរបស់ប្រទេសនេះ ភាគច្រើនត្រូវបានសន្មតថាមកពីធាតុចូលនៃនវានុវត្តន៍របស់ខ្លួន ដែលវាបានកាន់កាប់តំណែងកំពូលក្នុងរយៈពេល១៥ឆ្នាំជាប់គ្នា។ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី១ នៅក្នុងស្ថាប័ន ទីពីរផ្នែកធនធានមនុស្ស និងការស្រាវជ្រាវ និងទីបីនៅក្នុងភាពទំនើបនៃអាជីវកម្ម។ភាពខ្លាំងទាំងនេះត្រូវបានជំរុញដោយកត្តាមួយចំនួន ដូចជាអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ស្ថិរភាពគោលនយោបាយ និងកម្រិតខ្ពស់នៃការវិនិយោគផ្ទាល់ពីបរទេស។
លើសពីនេះទៀត ប្រទេសសិង្ហបុរីបានមើលឃើញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុងលទ្ធផលនៃនវានុវត្តន៍របស់ខ្លួន ដោយបានឡើងចំណាត់ថ្នាក់ចំនួនពីរទៅកាន់ចំណាត់ថ្នាក់ទី៩ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។ វឌ្ឍនភាពនេះត្រូវបានជំរុញដោយការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងផលិតកម្មបច្ចេកវិទ្យាខ្ពស់ និងការវាយតម្លៃនៃ «ក្រុមហ៊ុន Unicorns» របស់ខ្លួន (ក្រុមហ៊ុនដែលចាប់ផ្តើមឡើងមានតម្លៃជាង ១ពាន់លានដុល្លារអាម៉េរិក)។ ប្រទេសនេះក៏បានបង្ហាញពីការអនុវត្តខ្លាំងជាងមុននៅក្នុងលទ្ធផលច្នៃប្រឌិត ទ្រព្យសកម្មអរូបី និងតម្លៃម៉ាកផលិតផល ដែលបង្ហាញពីវឌ្ឍនភាពទូលំទូលាយនៅក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់ខ្លួនផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





