ការតភ្ជាប់ផ្លូវដែកថ្មីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងតំបន់អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ -- សេវារថភ្លើងដឹកជញ្ជូនឆ្លងព្រំដែនថ្មី ដែលគេហៅថា ASEAN Express ឥឡូវនេះកំពុងតភ្ជាប់ប្រទេសម៉ាឡេស៊ី ថៃ ឡាវ និងចិន។ សេវាកម្មនេះកំពុងត្រូវបានកោតសរសើរចំពោះល្បឿនរបស់វា ជាមួយនឹងរយៈពេលធ្វើដំណើរខ្លី ត្រឹមតែរយៈពេលប្រាំបួនថ្ងៃប៉ុណ្ណោះ ដែលជាការធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់នៃការធ្វើដំណើរពីមុនដែលត្រូវការរយៈពេលពី ១៤ថ្ងៃទៅ ២១ថ្ងៃដែលជាធម្មតាសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ការតភ្ជាប់ផ្លូវដែកថ្មីនេះត្រូវបានគេរំពឹងថានឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ជំរុញការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជាតិអាស៊ាន និងកាត់បន្ថយការចំណាយសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់។
ការបើកដំណើរការសាកល្បងត្រូវបានបញ្ចប់ដោយជោគជ័យនៅក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៥ ដោយមានមន្ត្រីមកពីប្រទេសទាំងបួនចូលរួម។ ការដឹកជញ្ជូនគ្រឿងអេឡិចត្រូនិច និងផលិតផលកសិកម្ម បានធ្វើដំណើរពីទីក្រុងកេឡាណាចាយ៉ារបស់ប្រទេសម៉ាឡេស៊ីទៅកាន់ទីក្រុងឆុងជីងរបស់ប្រទេសចិនក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ហើយការធ្វើដំណើរត្រឡប់មកវិញក៏ទទួលបានជោគជ័យផងដែរ។ សេវាកម្មនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមធំជាងមុន ដើម្បីកែលម្អការតភ្ជាប់ផ្លូវដែកនៅក្នុងតំបន់ ជាមួយនឹងសេវាកម្មដឹកអ្នកដំណើររវាងទីក្រុងបាងកក និងប្រទេសម៉ាឡេស៊ី ក៏ស្ថិតក្នុងដំណាក់កាលរៀបចំផែនការផងដែរ។
ផ្លូវដែក ASEAN Express ភ្ជាប់មជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗក្នុងប្រទេសទាំងបួន ដែលរួមមានទាំងកំពង់ផែនៅម៉ាឡេស៊ី និងថៃ និងកំពង់ផែមួយក្នុងប្រទេសឡាវ មុនពេលទៅដល់គោលដៅចុងក្រោយរបស់ខ្លួននៅទីក្រុងឆុងជីងរបស់ប្រទេសចិន។ អ្នកជំនាញក្នុងវិស័យឧស្សាហកម្មជឿជាក់ថា សេវាកម្មនេះមានសក្តានុពលក្នុងការជំរុញផលិតកម្មក្នុងតំបន់ និងកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនបានដល់ទៅ ៣០% បន្ថែមទៀត ព្រមទាំងពង្រឹងសារៈសំខាន់របស់វាជាផ្លូវថ្មីមួយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





