ឥណ្ឌូណេស៊ី និងសិង្ហបូរី ចាប់ផ្តើមសមយុទ្ធទ័ពអាកាសរួមគ្នាលើកទី២០
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ -- កងកម្លាំងទ័ពអាកាសឥណ្ឌូណេស៊ី និងសិង្ហបុរី បានចាប់ផ្តើមសមយុទ្ធរួមគ្នារយៈពេលពីរសប្តាហ៍នៅឯមូលដ្ឋានទ័ពអាកាស Roesmin Nurjadin ក្នុងទីក្រុងប៉េកាន់បារូរបស់ប្រទេសឥណ្ឌូណេស៊ី។ សមយុទ្ធនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ យោងតាមមន្ត្រីកងទ័ពអាកាសឥណ្ឌូណេស៊ី បានឱ្យដឹងថា ព្រឹត្តិការណ៍នេះក៏មានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក និងទំនាក់ទំនងដ៏រឹងមាំរវាងកងទ័ពអាកាសនៃប្រទេសទាំងពីរដែរ។
ឆ្នាំនេះ គឺជាលើកទី២០ នៃការហ្វឹកហ្វឺនរួមគ្នា ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយចាប់តាំងពីការចាប់ផ្តើមមក។ សមយុទ្ធនេះរួមមានសកម្មភាពជាច្រើន ដូចជាសមយុទ្ធពីលើអាកាស និងប្រតិបត្តិការរួមគ្នា ដែលត្រូវបានរចនាឡើងដើម្បីពង្រឹងជំនាញយុទ្ធសាស្ត្រ និងបង្កើតការងារជាក្រុម។កងកម្លាំងអាកាសទាំងពីរបានដាក់ពង្រាយឧទ្ធម្ភាគចក្រប្រភេទ H225M Caracal ដែលជាយន្តហោះដឹកជញ្ជូនចម្រុះ ដើម្បីធ្វើការហ្វឹកហាត់។
ដោយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ សមយុទ្ធនេះ គឺជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងឥណ្ឌូណេស៊ី និងសិង្ហបុរី ក្នុងវិស័យការពារដែនអាកាស។ វាផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់កងកម្លាំងទ័ពអាកាសទាំងពីរក្នុងការហ្វឹកហាត់រួមគ្នា ផ្លាស់ប្តូរការអនុវត្តល្អបំផុត និងអភិវឌ្ឍន៍ជំនាញចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ដែលចុងក្រោយបានរួមចំណែកដល់ស្ថិរភាពនៅក្នុងដែនអាកាសនៃតំបន់អាស៊ីអាគ្នេយ៍៕





