មន្ត្រីការទូតកំពូលរបស់កូរ៉េខាងត្បូង និងចិន ជួបពិភាក្សាគ្នាអំពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ដើម្បីចូលរួមកិច្ចប្រជុំ APEC
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ ហ៊ីយុន (Cho Hyun) បានជួបជាមួយសមភាគីចិន លោកវ៉ាង យី (Wang Yi) នៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាការទូតកម្រិតកំពូលជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី លី ជែម្យុង (Lee Jae Myung) ចូលកាន់តំណែង។ ការផ្តោតសំខាន់នៃកិច្ចពិភាក្សានោះ គឺការចូលរួមដ៏មានសក្តានុពលរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នាពេលខាងមុខនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក ចូ បានកត់សម្គាល់ថា លោកជឿជាក់ថា លោក ស៊ី នឹងចូលរួម ហើយដំណើរទស្សនកិច្ចនេះនឹងក្លាយជាឱកាសដ៏មានតម្លៃក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗ។
កិច្ចប្រជុំខាងលើនេះបានធ្វើឡើងនៅពេលដែលកូរ៉េខាងត្បូងស្វែងរកតុល្យភាពនៃការរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក ខណៈដែលជំរុញការគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួនជាមួយប្រទេសចិនផងដែរ។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី លី មានគោលបំណងបន្តគោលនយោបាយការបរទេសប្រកបដោយប្រសិទ្ធភាព និងចង់ធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំងក្នុងវិស័យមួយចំនួន រួមទាំងស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងសេអ៊ូលកំពុងស្វែងរកការគាំទ្រពីប្រទេសចិនសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសម្រាប់ការកែលម្អទំនាក់ទំនងអន្តរកូរ៉េដែលមានភាពតានតឹង។
ប្រទេសកូរ៉េខាងជើង គឺជាប្រធានបទដ៏សំខាន់នៃកិច្ចពិភាក្សា ដោយលោក ចូ ស្វែងរកការវាយតម្លៃរបស់ប្រទេសចិនបន្ទាប់ពីការបង្ហាញខ្លួននាពេលថ្មីៗនេះរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un)នៅក្នុងទីក្រុងប៉េកាំង។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងមានបំណងជំរុញឱ្យចិនដើរតួនាទីស្ថាបនាក្នុងការគាំទ្រកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង។ ភាគីទាំងពីរក៏ត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាដែលកំពុងកើតមានបន្តទៀតផងដែរ ដែលរួមមានទាំងជម្លោះទៅលើរចនាសម្ព័ន្ធដែករបស់ប្រទេសចិននៅសមុទ្រលឿង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ យ៉ុនហាប់)





