ចិន-សហរដ្ឋអាមេរិក ពិភាក្សាលើវិស័យពាណិជ្ជកម្មកាន់តែស៊ីជម្រៅ និងរក្សាកិច្ចសន្ទនាដោយស្មើភាព ចំពេលមានភាពខុសគ្នា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ -- តំណាងពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាយ៉ាងសំខាន់ និងស៊ីជម្រៅនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដោយផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាទាក់ទងនឹងវេទិកាបណ្តាញសង្គមទីកតុក (TikTok) និងរបាំងពាណិជ្ជកម្មផ្សេងទៀត។ កិច្ចពិភាក្សាជុំគ្នាដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមុនៗនៅក្នុងប្រទេសផ្សេងទៀតនេះ គឺមានភាពជាក់ស្តែង និងមានការប្រឈមជាងកិច្ចពិភាក្សាមុនៗ។
ភាគីចិនដឹកនាំដោយលោក លី ចេងកាង (Li Chenggang) បានបញ្ជាក់ថា ប្រជាជាតិទាំងពីរបានឈានដល់ការឯកភាពគ្មាជាមូលដ្ឋានលើក្របខ័ណ្ឌមួយ ដើម្បីដោះស្រាយបញ្ហាវេទិកាបណ្តាញសង្គមទីកតុកតាមរយៈកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច។ ការដាក់បញ្ចូលកម្មវិធីទីកតុក គឺជាចំណុចសំខាន់មូយនៃកិច្ចពិភាក្សា ដោយបង្ហាញពីប្រជាប្រិយភាពរបស់វេទិការបណ្តាញសង្គមមួយនេះនៅសហរដ្ឋអាមេរិក បើទោះបីជាប្រឈមនឹងសម្ពាធនយោបាយពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ បៃដិន (Joe Biden) ក៏ដោយ។
ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការធ្វើនយោបាយលើបញ្ហាបច្ចេកវិទ្យា និងពាណិជ្ជកម្ម ហើយនឹងមិនសម្របសម្រួលលើគោលការណ៍ ឬផលប្រយោជន៍របស់ក្រុមហ៊ុនឡើយ។ កិច្ចពិភាក្សានេះត្រូវបានអ្នកវិភាគមើលឃើញថាជាជំហានវិជ្ជមាន ដែលបង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកអាចសហការ និងកសាងទំនុកចិត្ត ចំពេលដែលមានការប្រកួតប្រជែងជាសកលចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
នៅក្នុងកិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីផលវិបាកជាសកលនៃលទ្ធិគាំពារនិយមរបស់សហរដ្ឋអាមេរិក និងការដំឡើងពន្ធដែលកំពុងធ្វើឱ្យមានបញ្ហាដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអ្នកផលិតនៅទូទាំងពិភពលោកផងដែរ។ អ្នកវិភាគ និងអ្នកសេដ្ឋកិច្ចយល់ស្របថា សង្គ្រាមពាណិជ្ជកម្មមិនមានអ្នកឈ្នះទេ ហើយការសន្ទនាគឺជាកិច្ចការចាំបាច់ដើម្បីលុបបំបាត់ការជ្រៀតជ្រែក និងដើម្បីកសាងទំនុកចិត្តសម្រាប់សេដ្ឋកិច្ចពិភពលោកដែលមានស្ថិរភាពជាងមុន។ កិច្ចប្រជុំនៅទីក្រុងម៉ាឌ្រីដនេះ ត្រូវបានគេមើលឃើញថាជាសញ្ញាលើកទឹកចិត្តមួយ ដែលប្រទេសទាំងពីរអាចធ្វើការឆ្ពោះទៅរកសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកកាន់តែមានស្ថិរភាព និងវិបុលភាព៕
ដោយ: យា ចិន្តាខន្តី (ប្រភព: ស៊ីនហួ)





