អ៊ីស្រាអែលបើកការវាយលុកដើម្បីកាន់កាប់ទីក្រុងហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ -- គេហទំព័រសារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់សម្តីរបស់មន្ត្រីអ៊ីស្រាអែលថា អ៊ីស្រាអែលបានបើកការវាយលុកទៅលើទីក្រុងហ្គាហ្សារបស់ប៉ាឡេស្ទីន ក្នុងការប៉ុនប៉ងបង្កើតការគ្រប់គ្រងលើទីក្រុងនេះ។
យោងតាមគេហទំព័រសារព័ត៌មាននោះបានឱ្យដឹងថា យោធាអ៊ីស្រាអែលបានបើកការវាយលុកកាលពីថ្ងៃចន្ទដើម្បីដណ្តើមយកទីក្រុងហ្គាហ្សា។ សារព័ត៌មាន Axios បានកត់សម្គាល់ថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងមិនបញ្ឈប់អ៊ីស្រាអែលទេ ហើយនឹងអនុញ្ញាតឱ្យវាធ្វើការសម្រេចចិត្តដោយខ្លួនឯងទាក់ទងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា។
គេហទំព័រសារព័ត៌មាននោះបាននិយាយដោយដកស្រង់សម្តីរបស់មន្ត្រីអ៊ីស្រាអែលថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ(Marco Rubio) បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រប្រតិបត្តិការលើដី ប៉ុន្តែចង់ឃើញវាត្រូវបានអនុវត្តយ៉ាងឆាប់រហ័សដោយបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា កងទ័ពអ៊ីស្រាអែលនឹងបើកការវាយលុកដ៏ធំមួយទៅលើទីក្រុងហ្គាហ្សារបស់ប៉ាឡេស្ទីនក្នុងពេលឆាប់ៗនេះ ដូច្នេះអ្នកស្រុកគួរតែចាកចេញជាបន្ទាន់។ នៅពេលមុននេះ អ៊ីស្រាអែលបានប្រកាសពីប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំមួយនៅក្នុងក្របខណ្ឌប៉ាឡេស្ទីនក្នុងគោលបំណងបង្កើតការគ្រប់គ្រងពេញលេញលើទីក្រុងហ្គាហ្សា និងកម្ចាត់ពួករ៉ាឌីកាល់ហាម៉ាស់នៅទីនោះទាំងស្រុង។ ផែនការវាយលុករបស់កងទ័ពត្រូវបានអនុម័តដោយលោក ណេតាន់យ៉ាហ៊ូ កាលពីចុងខែសីហាកន្លងទៅ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





