គណៈកម្មការអង្គការសហប្រជាជាតិនិយាយថា អ៊ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ -- អ៊ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្រ្ទីប។នេះបើយោងតាមអ្នកជំនាញមកពីគណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់អង្គការសហប្រជាជាតិ ស្តីពីទឹកដីប៉ាឡេស្ទីនដែលបានកាន់កាប់រួមមានទីក្រុងហ្សេរុយសាឡឹមខាងកើត និងអ៊ីស្រាអែល។
គណៈកម្មការបានរកឃើញថា អាជ្ញាធរ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល «បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ចំនួន៤ ក្នុងចំណោម៥ដែលកំណត់ដោយអនុសញ្ញាឆ្នាំ១៩៤៨ ស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍» ពោលគឺ ឃាតកម្ម ការបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រាងកាយ ឬផ្លូវចិត្ត ចេតនាបង្កើតលក្ខខណ្ឌរស់នៅដែលរៀបចំឡើងដើម្បីនាំមកនូវការបំផ្លិចបំផ្លាញទាំងស្រុង ឬដោយផ្នែកនៃគោលបំណងដើម្បីទប់ស្កាត់ការដោះលែងប្រជាជនប៉ាឡេស្ទីន និងការដាក់ចេញវិធានការទប់ស្កាត់ការមានកូន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានអមជាមួយរបាយការណ៍របស់គណៈកម្មការនោះ។
វាក៏បានសន្និដ្ឋានផងដែរថា ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសសាក់ ហ៊ហ្សូក (Isaac Herzog) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងអតីតរដ្ឋមន្ត្រីការពារជាតិលោក យ៉ូអាវ ហ្កាល់លែនត៍ (Yoav Gallant) បានញុះញង់ឱ្យមានអំពើប្រល័យពូជសាសន៍ ហើយអាជ្ញាធរអ៊ីស្រាអែលមិនបានចាត់វិធានការដើម្បីដាក់ទណ្ឌកម្មចំពោះការធ្វើដូច្នេះទេ។
លោក ណាវី ភីលលេយ (Navi Pillay) ប្រធានគណៈកម្មាការ បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិ «មិនអាចនៅស្ងៀមបានទេចំពោះយុទ្ធនាការប្រល័យពូជសាសន៍ដែលធ្វើឡើងដោយអ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានោះ»។ លោក ភីលលេយ បានចង្អុលបង្ហាញថា «នៅពេលដែលមានសញ្ញា និងភស្តុតាងច្បាស់លាស់នៃអំពើប្រល័យពូជសាសន៍បានលេចឡើង អវត្តមាននៃសកម្មភាពដើម្បីបញ្ឈប់វាគឺជារឿងមួយដ៏ស្មុគស្មាញ»។
គណៈកម្មការនេះត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងឆ្នាំ២០២១ ដើម្បីស៊ើបអង្កេតទៅលើការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស ដែលត្រូវបានព្យាករណ៍ពីការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងខែឧសភាឆ្នាំ២០២១៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





