កូរ៉េខាងត្បូង និងហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ -- ឧត្តមមន្ត្រីការពារជាតិនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងហ្វីលីពីន បានពិភាក្សាគ្នាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងឧស្សាហកម្មសព្វាវុធ នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងសេអ៊ូលកាលពីពេលថ្មីៗនេះ។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ដូហេ (Lee Doo-hee) និងសមភាគីហ្វីលីពីន លោក អ៊ីរីណេអូ គ្រូស អេស្ពីណូ (Irineo Cruz Espino) បានចែករំលែកមតិយោបល់គ្នាអំពីស្ថានភាពសន្តិសុខក្នុងតំបន់ និងបានផ្លាស់ប្តូរយោបល់ទៅលើវិធានការនានាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេតាមរយៈការបណ្តុះបណ្តាលរួមគ្នា និងការផ្លាស់ប្តូរបុគ្គលិក។
លោក លី បានថ្លែងអំណរគុណដល់លោក អេស្ពីណូ ចំពោះសេចក្តីសម្រេចរបស់ទីក្រុងម៉ានីលក្នុងការទិញយន្តហោះចម្បាំងធុនស្រាលប្រភេទFA-50 របស់កូរ៉េខាងត្បូងចំនួន ១២គ្រឿង និងបានស្នើសុំការគាំទ្ររបស់ប្រទេសនេះសម្រាប់បណ្តាក្រុមហ៊ុនការពារជាតិរបស់កូរ៉េខាងត្បូងដែលស្វែងរកការចូលរួមនៅក្នុងគម្រោងទំនើបកម្មយោធានៅក្នុងប្រទេសហ្វីលីពីន។
ជាការឆ្លើយតប លោក អេស្ពីណូ បាននិយាយថា ប្រព័ន្ធសព្វាវុធរបស់កូរ៉េខាងត្បូងបានជួយធ្វើទំនើបកម្មយោធាហ្វីលីពីន និងបានយល់ព្រមទៅលើការកសាងទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងឧស្សាហកម្មសព្វាវុធ។
កិច្ចប្រជុំនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រមុខការពារជាតិនៃប្រទេសទាំងពីរបានជួបគ្នានៅខាងក្រៅវេទិកាសន្តិសុខ ដែលរៀបចំឡើងដោយក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន ហើយបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រដែលបានបង្កើតឡើងកាលពីឆ្នាំមុន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





