ទោះកីឡាកង់មិនចូលកីឡាយុវជនអាស៊ី នៅបារ៉ែន ឆ្នាំ២០២៥ ក៏សហព័ន្ធសម្រួចឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៩ ដែរ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥--សហ័ន្ធកីឡាទោចក្រយានកម្ពុជាបង្ហាញការស្តោកស្តាយ ដែលប្រភេទកីឡាកង់មិនបានចូលរួមប្រកួតប្រជែងក្នុងការប្រកួតកីឡាយុវជនអាស៊ី នាខែ២២-៣១ ខែតុលា ឆ្នាំ២០២៥ ប៉ុន្តែសហព័ន្ធជំនាញប្រភេទកីឡាអូឡាំពិកមួយនេះនៅតែប្រឹងប្រែងសម្រួចគោលដៅបណ្តុះបណ្តាលធនធានកីឡាករវ័យក្មេង ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះបន្តវេន កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ដែរ។

នេះជាការគូសបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។ លោកបន្ថែមថា កាលពីដំបូង ម្ចាស់ផ្ទះបារ៉ែន រៀបចំកីឡាយុវជនអាស៊ី ឆ្នាំ២០២៥បានកំណត់អាយុកីឡាករកង់ត្រឹមក្រោម១៨ឆ្នាំ ហើយចុងក្រោយម្ចាស់ផ្ទះបានកំណត់យកកីឡាករក្រោម១៧ឆ្នាំ និងក្រោម១៦ឆ្នាំ ដែលធ្វើឱ្យកីឡាករកង់កម្ពុជាហួសអាយុ និងមួយចំនួនទៀតក្រោមអាយុឆ្ងាយពេក ពោលគឺចាប់ពី១២ឆ្នាំឡើងប៉ុណ្ណោះ។ បច្ចុប្បន្ន ក្រុមជម្រើសជាតិទោចក្រយានឈុតធំ និងថ្នាលយុវជនកម្ពុជាត្រូវបានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីសប្តាហ៍ទី៣ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមជម្រើសជាតិសរុប ១៤នាក់ ដែលមានគ្រូបង្វឹក គ្រូជំនួយ៤នាក់ កង់ភ្នំ ៤នាក់ និងកង់គួក ៦នាក់ ដោយក្នុងនេះមានកីឡាករអាយុចាប់ពី១២ឆ្នាំឡើង ៤នាក់។

លោក នូ ចំរើន បន្ថែមថា បើទោះបីជាកីឡាករកង់កម្ពុជាខកខានមិនបានចូលរួមប្រកួតដកស្រង់បច្ចេកទេស ក្នុងកីឡាយុវជនអាស៊ី នៅប្រទេសប៉ារ៉ែន នាខែតុលា ឆ្នាំ២០២៥នេះក៏ពិតមែន ប៉ុន្តែសហព័ន្ធកីឡាទោចក្រយាន ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅតែរួមស្មារតីគ្នាបន្តសម្រួចគោលដៅបន្តបណ្តុះបណ្តាលធនធានកីឡាករវ័យក្មេងកម្ពុជាឱ្យមានគុណភាពកាន់តែប្រសើរ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ដែលជាព្រឹត្តិការណ៍កីឡាយុវជនដ៏ធំប្រចាំទ្វីបអាស៊ី រៀងរាល់៤ឆ្នាំម្តង ហើយក៏ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់កម្ពុជាផងដែរ។

អគ្គលេខាធិការដដែលសង្កត់ធ្ងន់ថា គោលការណ៍ប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមថ្នាលកង់ ត្រៀមទៅឆ្នាំ២០២៩មាន ៤នាក់ និងគ្រូបង្វឹកម្នាក់កំពុងហ្វឹកហាត់ ហូបចុក ស្នាក់នៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ទាំងផ្នែកកង់ភ្នំ និងកង់គួក។ ជាទិសដៅ និងមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហព័ន្ធគ្រោងនឹងយកខេត្តសៀមរាបរៀបចំការប្រកួតប្រភេទកីឡាកង់ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ នៅឆ្នាំបន្តបន្ទាប់ក្នុងគោលដៅ ឆ្នាំ២០២៩នេះ សហព័ន្ធគ្រោងនឹងស្នើសុំក្រសួងអប់រំ យុវជន និងកីឡាបន្ថែមនូវចំនួនកីឡាករឱ្យបានច្រើនជាង ៤នាក់នេះ ដើម្បីតម្រូវឱ្យគ្រប់វិញ្ញាសាទាំងកង់ភ្នំ និងកង់គួក ចាប់ពី៦វិញ្ញាសាឡើងទៅ។ ក្នុងទិសដៅនៃការយកខេត្តសៀមរាបជាទីកន្លែងប្រកួតកីឡាកង់ នាឆ្នាំ២០២៩នោះ ក៏សហព័ន្ធមានគោលបំណងចង់ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តមួយនេះផងដែរ។

ជាគោលដៅរបស់សហព័ន្ធ ក៏ដូចជាគ្រូបង្វឹកត្រូវបានលោក នូ ចំរើន ពន្យល់ថា ៖«គឺយើងចង់បណ្តុះបណ្តាលក្រុមកីឡាករកង់វ័យក្មេងទាំង៤នាក់នូវមូលដ្ឋានបច្ចេកទេសជាមុនសិន ហើយសហព័ន្ធនឹងផ្តល់ឱកាសដល់ធនធានកីឡាករចាប់ពី១៣ឆ្នាំទាំងនោះឱ្យចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីវាស់ស្ទង់សមត្ថភាពផង និងប្រមូលធនធានកីឡាករ កីឡាការិនីវ័យក្មេងពីជើងឯកថ្នាក់ជាតិមកចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិផងដែរ»។ ជាមួយគ្នានោះ សហព័ន្ធនឹងផ្តល់ឱកាសដល់កីឡាករវ័យក្មេងឱ្យចូលរួមដងស្រង់បច្ចេកទេសអន្តរជាតិ ថ្នាក់តំបន់ នាឆ្នាំបន្តបន្ទាប់ផងដែរ ដើម្បីសម្រួចគោលដៅឱ្យធនធានវ័យក្មេងៗទាំងនោះទទួលបានគុណភាពបច្ចេកទេសកាន់តែប្រសើរ ក្នុងដំណើរត្រៀមឆ្ពោះទៅប្រកួតកីឡាយុវជនអាស៊ី ២០២៩ ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជា៕
ដោយ ហេង ណាលីន





