ក្រុមយុវជនទ័ពបន្តក្តោបក្តាប់តំណែងលើកំពូលតារាង ក្រោយឈ្នះព្រះខ័នរាជ ៧-១ លីគយុវជនក្រោម១៨ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥--ក្រុមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទក្រោម១៨ឆ្នាំ ឬក្រុមទ័ពបន្តក្តោបក្តាប់តំណែងលើកំពូលតារាង ក្នុងសប្តាហ៍ទី៥ នៃការប្រកួតជម្រើសជើងឯកខេមបូឌានលីគយុវជនក្រោម១៨ឆ្នាំ រដូវកាល២០២៥ ក្រោយពីបំបាក់ក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៧-១។

ក្រុមខ្លាំងទ័ពបានបង្ហាញពីគុណភាពលេចធ្លោខ្លាំង នៅដើមរដូវកាលថ្មីនេះ ដោយឆ្លងកាត់៥ប្រកួត ឈ្នះទាំង៥ប្រកួត មាន១៥ពិន្ទុ ឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោម១០ក្រុម។ ៥ប្រកួតរបស់ក្រុមយុវជនទ័ពរកបាន២៦គ្រាប់ រហូតវិញ៧គ្រាប់ នៅសល់គ្រាប់ចំណេញ១៩គ្រាប់។ ចំពោះ៤ប្រកួតផ្សេងទៀត ក្នុងជំនួបសប្តាហ៍ទី៥នេះដែរ រួមមាន៖ ក្រុមសាលាតម្រង់ទិស ខេត្តកំពង់ឆ្នាំង និងបឹងកេត ០-០, វិសាខា យកឈ្នះ សាលាតម្រង់ទិសរាជធានីភ្នំពេញ ១១-០, សាលាកីឡាបាល់ទាត់ជាតិ យកឈ្នះ អង្គរថាយហ្គឺរ ៣-១ ខណៈអាយអេសអាយដង្កោសែនជ័យ ចាញ់ ភ្នំពេញក្រោន ០-២។

ក្រៅពីក្រុមទ័ព ដែលឈរលេខ១ គឺ៤ក្រុមទៀត ដែលឈរនៅក្នុងចំណោម Top5 នៃតារាងពិន្ទុ គឺសាលាកីឡាបាល់ទាត់ជាតិ លេខ២ មាន១៣ពិន្ទុ វិសាខា ឈរលេខ៣ មាន១២ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀង ឈរលេខ៤ មាន៧ពិន្ទុ។ គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកខេមបូឌានលីគយុវជនក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដោយឈុតយុវជននេះត្រូវបានចែកចេញជា២ឈុតផ្សេងពីគ្នា គឺលីគយុវជនក្រោម១៨ឆ្នាំ មាន១០ក្រុម និងលីគយុវជនក្រោម១៦ឆ្នាំមាន១០ចូលរួមដូចគ្នា។ តាមរយៈព្រឹត្តិការណ៍បាល់ទាត់លីគយុវជនទាំង២ឈុតនេះ គឺមានគោលដៅបណ្តុះបណ្តាលធនធានយុវជនឱ្យកាន់តែសម្បូរបែប រួមចំណែកអភិវឌ្ឍ និងការគាំទ្រដល់ឈុតធំ នាពេលខាងមុខ៕


ដោយ ហេង ណាលីន (រូបភាព៖ CYL-FFC)





