អង្គការសុខភាពពិភពលោក៖ ការចាក់វ៉ាក់សាំងជំងឺអេបូឡាចាប់ផ្តើមនៅក្នុងខេត្តកាសៃរបស់ប្រទេសកុងហ្គោ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ -- អង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីពេលថ្មីៗនេះថា បុគ្គលិកសុខាភិបាលនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានចាប់ផ្តើមកម្មវិធីវ៉ាក់សាំងជំងឺអេបូឡានៅក្នុងខេត្តកាសៃហើយ បន្ទាប់ពីអាជ្ញាធរបានប្រកាសពីការផ្ទុះឡើងនៃជំងឺដ៏សាហាវនេះ។
កម្មវិធីចាក់វ៉ាក់សាំងនេះបានចាប់ផ្តើមនៅក្នុងតំបន់សុខភាពប៊ូឡាប៉េដែលជាចំណុចក្តៅនៃការផ្ទុះឡើងជំងឺដ៏សាហាវនេះ។ អង្គការ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងអឺវេបូ (Ervebo) ចំនួន៤០០ដូសដំបូងដែលយកចេញពីស្តុកក្នុងទីក្រុងគីនស្សាសា ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ជាមួយនឹងការបង្កើនចំនួនដូសបន្ថែមទៀតដែលត្រូវបានរំពឹងទុកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
យុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះកំពុងត្រូវបានប្រើប្រាស់ ដោយផ្តោតសំខាន់ទៅលើមនុស្សដែលមានទំនាក់ទំនងជាមួយអ្នកជំងឺដែលត្រូវបានបញ្ជាក់ ក៏ដូចជាអ្នកឆ្លើយតបជួរមុខ។
វ៉ាក់សាំងអឺវេបូ ជាវ៉ាក់សាំងការពារប្រឆាំងនឹងប្រភេទវីរុស Zaire ebolavirus ដែលត្រូវបានកំណត់ថាជាមូលហេតុនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ន។ ដើម្បីបង្កើនការផ្គត់ផ្គង់ ក្រុមសម្របសម្រួលអន្តរជាតិ ស្តីពីការផ្តល់វ៉ាក់សាំង បានយល់ព្រមចំពោះការដឹកជញ្ជូនវ៉ាក់សាំងប្រមាណ ៤៥.០០០ដូសបន្ថែមទៀតទៅកាន់ប្រទេសកុងហ្គោ។
អង្គការ WHO បាននិយាយថា ខ្លួនបានដាក់ពង្រាយអ្នកជំនាញចំនួន៤៨នាក់ ដើម្បីជួយក្នុងការឃ្លាំមើល ការថែទាំព្យាបាល ការការពារការឆ្លងនិងការដឹកជញ្ជូន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





