ប្រទេសចិនថា ការដាក់ពង្រាយកងយោធារបស់សហរដ្ឋអាមេរិកនៅជិតប្រទេសវេណេហ្ស៊ុយអេឡា គឺជាការបំផ្លាញសន្តិភាពយ៉ាងធ្ងន់ធ្ងរ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសចិន កាលពីថ្ងៃចន្ទ បានរិះគន់ចំពោះការដាក់ពង្រាយកងយោធាអាម៉េរិកនៅក្នុងដែនទឹកក្បែរប្រទេសវេណេហ្ស៊ុយអេឡា ដោយបានសង្កត់ធ្ងន់ថាវាជាការ «បំផ្លាញយ៉ាងធ្ងន់ធ្ងរ» ចំពោះសន្តិភាពក្នុងតំបន់ និងបានព្រមានទីក្រុងវ៉ាស៊ីនតោនប្រឆាំងទៅនឹងការជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសក្នុងតំបន់អាម៉េរិកឡាទីនមួយនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា «សកម្មភាពរបស់សហរដ្ឋអាមេរិកនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ព្រមទាំងរំលោភយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ អធិបតេយ្យភាព សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃ និងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។
ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាពិឃាតរបស់កងទ័ពជើងទឹកUSS Gravely, USS Jason Dunham និង USS Sampson នៅជិតឆ្នេរសមុទ្រនៃប្រទេសវេណេហ្ស៊ុយអេឡាកាលពីចុងខែសីហា។
ជាការឆ្លើយតប ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានប្រកាសថា លោកបានប្រមូលផ្តុំកងជីវពលចំនួន ៤,៥លាននាក់នៅក្នុងប្រទេស ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងការវាយប្រហារណាមួយ។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិវេណេហ្ស៊ុយយអេឡា លោក វ្ល៉ាឌីមៀ ប៉ាឌ្រីណូ ឡូប៉េស (Vladimir Padrino Lopez) បាននិយាយថាសហរដ្ឋអាមេរិកក៏បាននិងកំពុងធ្វើការហោះហើរស៊ើបការណ៍នៅក្នុងតំបន់ការីបបៀន និងតំបន់ដែលនៅជិតប្រទេសរបស់លោកផងដែរ។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ភែត ហេកសេត (Pete Hegseth) បាននិយាយថា យោធាអាម៉េរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការផ្លាស់ប្តូររបបនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។
អ្នកនាំពាក្យក្រសួងការបរទេសនៅទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃចន្ទថា «ប្រទេសចិនក៏តែងតែប្រកាន់ខ្ជាប់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនផងដែរ»។
លោកបាននិយាយថា ក្រោមលេសនៃការប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងយោធានៅជិតប្រទេសវេណេហ្ស៊ុយអេឡា ពន្លិចនាវា និងបានកាន់កាប់នាវានេសាទពីភាគីវេណេហ្ស៊ុយអេឡា ដែលបង្កឱ្យមានភាពតានតឹងក្នុងតំបន់។
លោក លីន បាននិយាយថា «យើងប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយអចេតនា យើងប្រឆាំងនឹងកងកម្លាំងបរទេសណាមួយក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់វេណេហ្ស៊ុយអេឡាក្រោមលេសណាមួយ»។
លោកបានបន្ថែមថា ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកកុំធ្វើឱ្យខូចខាតដល់សន្តិសុខនាវាចរណ៍ សេរីភាព និងផលប្រយោជន៍របស់ភាគីវេណេហ្ស៊ុយអេឡាដោយយោងតាមច្បាប់អន្តរជាតិ ដើម្បីស្ថិរភាពសន្តិភាពនិងសន្តិសុខ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





