រដ្ឋមន្ត្រីការបរទេសចិន និងស្លូវេនី ប្តេជ្ញាពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ -- អ្នកការទូតមកពីប្រទេសចិននិងស្លូវេនី បានសន្យាពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ពួកគេ។ នៅក្នុងកិច្ចប្រជុំមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ ដោយកត់សម្គាល់ថា ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់ឯករាជ្យរបស់ប្រទេសស្លូវេនីក្នុងរយៈពេលជាង ៣០ឆ្នាំមុន។
លោកបានគូសបញ្ជាក់ថា បើទោះបីជាប្រទេសទាំងពីរមានប្រព័ន្ធសង្គមផ្សេងគ្នាក៏ដោយ ក៏ទំនាក់ទំនងទ្វេភាគីត្រូវបានបង្កើតឡើងនៅលើសមភាព និងការជឿទុកចិត្ត ដែលមានតម្លៃជាពិសេសនៅក្នុងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។ លោក វ៉ាង ក៏បានលើកទឹកចិត្តដល់ប្រទេសស្លូវេនី ឱ្យដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងស្ថិរភាពរវាងចិន និងសហភាពអឺរ៉ុប និងបានជំរុញឱ្យបន្តគាំទ្រគោលការណ៍ចិនតែមួយ។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗផ្សេងទៀតផងដែរ។ លោក វ៉ាង បានបង្ហាញពីឆន្ទៈរបស់ប្រទេសចិនក្នុងការពង្រឹងភាពជាដៃគូក្នុងវិស័យមួយចំនួន ដូចជាផលិតកម្មកម្រិតខ្ពស់នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការថែទាំសុខភាព ថាមពលបៃតង និងបញ្ញាសិប្បនិម្មិត (AI) ដោយសន្យាថានឹងមានបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងបើកចំហសម្រាប់ប្រទេសទាំងពីរ។
សម្រាប់ភាគីស្លូវេនី រដ្ឋមន្ត្រីការបរទេស លោកស្រី តាន់ចា ហ្វាចុន(Tanja Fajon) បានពណ៌នាថា ប្រទេសចិនជាដៃគូដ៏សំខាន់សម្រាប់ទាំងស្លូវេនី និងទាំងសហភាពអឺរ៉ុប។ លោកស្រីបានទទួលស្គាល់ពីទំនាក់ទំនងមិត្តភាព និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលកំពុងមានការកើនឡើងហើយបាននិយាយថា ប្រទេសស្លូវេនីទន្ទឹងរង់ចាំក្លាយជាច្រកផ្លូវសម្រាប់ក្រុមហ៊ុនចិនដែលចូលមកអឺរ៉ុប ដោយផ្តោតទៅលើការពង្រីកការវិនិយោគលើវិស័យថាមពលថ្មី។
អ្នកការទូតទាំងពីរបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការកែទម្រង់អភិបាលកិច្ចសកល និងការលើកកម្ពស់ពហុភាគីនិយម។ លោក វ៉ាង បានលើកឡើងពីគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលរបស់ប្រទេសចិន ដែលមានគោលបំណងកែលម្អប្រព័ន្ធសកលលោក និងគាំទ្រអង្គការសហប្រជាជាតិ។លោកស្រី ហ្វាចុន បានបញ្ជាក់ពីឆន្ទៈរបស់ប្រទេសស្លូវេនីក្នុងការសហការជាមួយប្រទេសចិនដើម្បីរក្សាគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីទាំងពីរបានបញ្ចប់កិច្ចពិភាក្សារបស់ពួកគេដោយផ្លាស់ប្តូរទស្សនៈទៅលើបញ្ហាអន្តរជាតិសំខាន់ៗផ្សេងទៀត ដែលរួមមានទាំងវិបត្តិអ៊ុយក្រែន និងស្ថានភាពនៅមជ្ឈិមបូព៌ាផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ភីបផលដេលី)





