បេសកជនចិន៖ ចិននឹងបន្តគាំទ្រឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ហ្ស៊ីមបាវ៉េ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ -- ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសហ្ស៊ីមបាវ៉េ លោក ចូវ ទីង (Zhou Ding) បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសចិននៅតែប្តេជ្ញាពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ប្រទេសហ្ស៊ីមបាវ៉េក្នុងការជំរុញឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ខ្លួន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅពិធីទទួលស្វាគមន៍ដែលធ្វើឡើងនៅរដ្ឋធានីហារ៉ារ៉េនៃប្រទេសហ្ស៊ីមបាវ៉េ នៅមុនខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវនឹងថ្ងៃទី០១ ខែតុលាឆ្នាំ២០២៥ ខាងមុខនេះ លោក ចូវ បាននិយាយថា ប្រទេសចិននឹងបន្តលើកទឹកចិត្តការវិនិយោគរបស់ចិនបន្ថែមទៀតនៅក្នុងវិស័យផលិតកម្មរបស់ប្រទេសហ្ស៊ីមបាវ៉េ ដើម្បីជំរុញការបន្ថែមតម្លៃនៅក្នុងសេដ្ឋកិច្ចប្រទេសនេះ។
ជាមួយនឹងការប្រារព្ធខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ លោក ចូវ បាននិយាយថា ប្រទេសចិននិងហ្ស៊ីមបាវ៉េ បានត្រៀមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយលោកបានកត់សម្គាល់ថា ការវិនិយោគរបស់ចិនបានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសហ្ស៊ីមបាវ៉េក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
លោកបានបន្តថា «បណ្តាក្រុមហ៊ុនចិន បាននិងកំពុងវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សង្វាក់ឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់របស់ប្រទេសហ្ស៊ីមបាវ៉េ។ ខ្ញុំចង់ឃើញក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគក្នុងវិស័យផលិតកម្មរបស់ប្រទេសនេះ»។
ដោយកត់សម្គាល់ពីសក្តានុពលដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លោក ចូវ បានអំពាវនាវឱ្យមានការលើកទឹកចិត្តបន្ថែមទៀតនៅក្នុងទីផ្សារហ្ស៊ីមបាវ៉េ ដើម្បីទាក់ទាញការវិនិយោគពីប្រទេសចិន និងប្រទេសផ្សេងទៀត។
លោកបាននិយាយថា «ខ្ញុំសង្ឃឹមថា ប្រទេសហ្ស៊ីមបាវ៉េអាចបង្កើតគោលនយោបាយអំណោយផលបន្ថែមទៀត និងផ្តល់ការលើកទឹកចិត្តមួយចំនួនដល់បណ្តាក្រុមហ៊ុននានា ដែលមិនត្រឹមតែក្រុមហ៊ុនមកពីប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនមកពីប្រទេសផ្សេងៗទៀតក្នុងការវិនិយោគទៅលើការកសាងខ្សែសង្វាក់ផលិតកម្មផងដែរ»។
ឯកអគ្គរដ្ឋទូតចិនបាននិយាយថា វិធានការពន្ធសូន្យរបស់ចិនដែលបានប្រកាសនាពេលថ្មីៗនេះ គ្របដណ្តប់ទៅលើផលិតផលជាប់ពន្ធទាំងអស់សម្រាប់ប្រទេសចំនួន៥៣ នៅទ្វីបអាហ្វ្រិក ដែលបានផ្តល់ឱកាសមួយទៀតសម្រាប់ប្រទេសចិន និងហ្ស៊ីមបាវ៉េក្នុងការជំរុញពាណិជ្ជកម្ម។
លោក ចូវ បាននិយាយថា «សក្តានុពលនៅតែមានច្រើន ហើយខ្ញុំពិតជាសង្ឃឹមថា ខ្ញុំនឹងអាចធ្វើការជាមួយមិត្តហ្ស៊ីមបាវ៉េរបស់យើង ដើម្បីអនុវត្តគោលនយោបាយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យប្រទេសហ្ស៊ីមបាវ៉េទទួលបានអត្ថប្រយោជន៍ពីវា»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ភីបផលដេលី)





