កងទ័ពរំដោះប្រជាជនចិនធ្វើការល្បាតជាប្រចាំនៅសមុទ្រចិនខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ -- លោក ទៀន ជុនលី (Tian Junli) អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានភាគខាងត្បូង បាននិយាយកាលពីថ្ងៃអាទិត្យថា បញ្ជាការដ្ឋានភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន(PLA) បានធ្វើការល្បាតជាប្រចាំនៅក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍មុន។
លោក ទៀន ជុនលី បាននិយាយថា ហ្វីលីពីនបានឃុបឃិតជាមួយប្រទេសក្រៅតំបន់ទៅលើអ្វីដែលគេហៅថា «ការល្បាតរួមគ្នា» ដែលជាសកម្មភាពខុសច្បាប់ស្តីពីសមុទ្រចិនខាងត្បូង និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក ទៀន បាននិយាយថា «យើងបានព្រមានយ៉ាងខ្លាំងដល់ភាគីហ្វីលីពីនឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុ និងចូលរួមក្នុងសកម្មភាពដែលបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង» ដោយលោកបាននិយាយបន្ថែមថា ការស្វែងរកការគាំទ្រពីខាងក្រៅនឹងបង្ហាញថាគ្មានប្រយោជន៍។
លោក ទៀន បានសង្កត់ធ្ងន់ថា កងទ័ពនៃបញ្ជាការដ្ឋានភាគខាងត្បូងរក្សាការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ប្រទេសចិន និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យរូបនេះបាននិយាយថា «រាល់ការប៉ុនប៉ងបង្កបញ្ហា ឬរំខានដល់សណ្តាប់ធ្នាប់នៅសមុទ្រចិនខាងត្បូង នឹងត្រូវបរាជ័យ»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស៊ីនហួ)





