កុបកម្មដ៏ធំនៅនេប៉ាល់សម្លាប់មនុស្សជាង ៧០នាក់
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ -- អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា មនុស្សជាង ៧០នាក់បានស្លាប់នៅក្នុងកុបកម្មដ៏ធំនៅក្នុងប្រទេសនេប៉ាល់។
កាសែត Nepal News បាននិយាយដោយបានដកស្រង់សម្តីរបស់អ្នកតំណាងរដ្ឋាភិបាល លោក អេក ណារ៉ាយ៉ាន់ អារីយ៉ាល់ (Ek Narayan Aryal) ថា «មនុស្សសរុបចំនួន ៧២នាក់បានស្លាប់។ អ្នករងរបួសចំនួន១៩១នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកន្លែងព្យាបាលផ្សេងៗនៅទូទាំងប្រទេស»។
លោកបានបន្តថា មនុស្សបានស្លាប់នៅក្នុងការតវ៉ានៅថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២៥ កន្លងមក ហើយវាជាលទ្ធផលនៃការដុត និងកុប្បកម្មហិង្សាជាបន្តបន្ទាប់នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។
កុប្បកម្មបានផ្ទុះឡើងនៅក្នុងទីក្រុងកាតាម៉ាន់ឌូ និងទីក្រុងផ្សេងៗទៀតរបស់ប្រទេសនេប៉ាល់កាលពីដើមសប្តាហ៍មុន បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងអំពើពុករលួយ និងការដាក់បម្រាមទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន។ អ្នកចូលរួមដ៏សំខាន់ក្នុងការតវ៉ានេះ គឺក្រុមនិស្សិត និងសកម្មជននៃចលនាយុវជនជំនាន់ Z (Gen-Z)។ ក្រុមអ្នកតវ៉ាបានដុតបំផ្លាញអគាររដ្ឋាភិបាល ដែលរួមមានទាំងរដ្ឋសភា តុលាការកំពូល ការិយាល័យព្រះរាជអាជ្ញា និងបានវាយប្រហារគេហដ្ឋានរបស់អ្នកនយោបាយ និងមន្ត្រីសំខាន់ៗមួយចំនួនផងដែរ៕





