អាស៊ានព្រមព្រៀងដាក់បញ្ជូនសេចក្តីប្រកាសចំនួនបី ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ទៅកាន់កិច្ចប្រជុំកំពូលលើកទី៤៧
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ -- កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១៩ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) កាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៥ បានព្រមព្រៀងគ្នាបង្ហាញសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានចំនួន៣ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែតុលាខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក សៃហ្វ៊ុដឌីន ណាស៊ូសិន អ៊ីស្មែល (Saifuddin Nasution Ismail) បាននិយាយថា សេចក្តីប្រកាសមួយក្នុងចំណោមនោះត្រូវបានដឹកនាំដោយម៉ាឡេស៊ី ដែលផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ ដើម្បីពង្រឹងសុចរិតភាពហិរញ្ញវត្ថុក្នុងតំបន់។
លោកបាននិយាយថា សេចក្តីប្រកាសមួយទៀតដែលដាក់ចេញដោយវៀតណាម មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកទីតាំង និងការចាប់ខ្លួនជនភៀសខ្លួន ដោយមានការគាំទ្រពីប្រទេសម៉ាឡេស៊ីហើយសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ប្រទេសនៅអាស៊ានក្នុងការចែករំលែកព័ត៌មានក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ។
សេចក្តីប្រកាសទីបី គឺត្រូវបានផ្តួចផ្តើមដោយឥណ្ឌូណេស៊ី ដោយប្រើកីឡាជាឧបករណ៍ដើម្បីកសាងភាពធន់នឹងសង្គមប្រឆាំងនឹងលទ្ធិជ្រុលនិយម។
រដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្តែងនូវការពេញចិត្តដែលប្រទេសម៉ាឡេស៊ីកំពុងធ្វើការងារជាមួយនឹងបណ្តាប្រទេសដទៃទៀតជាសមាជិកអាស៊ាន ក្នុងបេសកកម្មរួមគ្នាក្នុងការកសាងតំបន់ដែលមានសុវត្ថិភាព និងរឹងមាំជាងមុនសម្រាប់មនុស្សជំនាន់ក្រោយ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





