អាស៊ានបង្កើតក្រុមការងារសម្រាប់សន្តិសុខក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ -- បណ្តាមេដឹកនាំយោធាអាស៊ានបានព្រមព្រៀងគ្នាបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីដោះស្រាយការគំរាមកំហែងឆ្លងព្រំដែនដែលមិនមែនជាប្រពៃណី និងផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយនៅក្នុងតំបន់។
នាយឧត្តមសេនីយ៍ ម៉ូដ នីហ្សាំ ចាហ្វហ្វា (Mohd Nizam Jaffar) អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិម៉ាឡេស៊ី បាននិយាយថា ការបង្កើតក្រុមការងារនេះ គឺជាជំហានដ៏សំខាន់បំផុតដែលត្រូវធ្វើឡើងដើម្បីដោះស្រាយយ៉ាងទូលំទូលាយនូវបញ្ហាសំខាន់ៗចំនួន១១ ដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំប្រមុខកងកម្លាំងការពារជាតិអាស៊ានលើកទី២២ (ACDFM-22) ក្នុងរយៈពេលបីថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៥ កន្លងមក។
លោកបាននិយាយថា ក្រុមការងារនេះក៏នឹងដើរតួនាទីក្នុងការដោះស្រាយការគំរាមកំហែងឆ្លងព្រំដែនដែលមិនមែនជាប្រពៃណីផងដែរដូចជាឧក្រិដ្ឋកម្មសាយប័រ និងការក្លែងបន្លំតាមអនឡាញ ក៏ដូចជាការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយនៅក្នុងតំបន់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោកឧត្តមសេនីយ រ៉ូមេអូ ប្រាវណ័រ ជេអ (Romeo Brawner Jr) លោក នីហ្សាំ ចាហ្វហ្វា បានសង្កត់ធ្ងន់ថាក្រុមការងារនេះនឹងពិនិត្យមើលទៅលើរបៀបដែលបណ្តាប្រទេសនៅអាស៊ានអាចជំរុញដល់កិច្ចសហប្រតិបត្តិការ និងធ្វើសកម្មភាពរួមជាមួយគ្នា។
ក្រុមការងារនេះបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៥ ហើយមន្ត្រីការពារជាតិអាស៊ាននឹងពិនិត្យ និងយកចិត្តទុកដាក់ទៅលើបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំបន្ទាប់នៅក្នុងទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីននៅឆ្នាំក្រោយ។
យោងតាមលោក នីហ្សាំ បានឱ្យដឹងថា ក្រុមការងារនេះមិនដូចគ្នាទៅនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (អង្គការណាតូ) ទេ ប៉ុន្តែវាមានគោលបំណងបម្រើជាវេទិកាសម្រាប់ការពិភាក្សារួម និងសកម្មភាពរួមគ្នានៅពេលដែលបណ្តាប្រទេសនៅអាស៊ានប្រឈមមុខនឹងការគំរាមកំហែងរួមគ្នា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





