អនុប្រធានសហព័ន្ធគុនខ្មែរជំរុញឱ្យសិក្ខាកាមបន្តខិតខំបន្ថែមទៀតព្រោះនេះជាវគ្គមូលដ្ឋានគ្រឹះរបស់អាជ្ញាកណ្តាល ចៅក្រមប៉ុណ្ណោះ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្តម ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាមបន្តខិតខំប្រឹងប្រែងដុសខាតសមត្ថភាពចាប់យកជំនាញវិជ្ជាជីវៈអាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរបន្ថែមទៀត ពីព្រោះវគ្គនេះគ្រាន់ជាវគ្គកម្រិតបឋម ដែលមានរយៈពេល៥ថ្ងៃប៉ុណ្ណោះ។

ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរ កម្រិតបឋម កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំនៃពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម ម៉ិល កាដូ បានលើកឡើងថា ទោះបីជាវគ្គនេះមានសារៈសំខាន់ក៏ពិតមែន ប៉ុន្តែនេះជាវគ្គមូលដ្ឋានដំបូង ដោយអាជ្ញាកណ្តាល ចៅក្រមចាំបាច់ត្រូវបន្តចូលរួមវគ្គខ្ពស់ជាងនេះទៀតបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរកម្រិតស្តង់ដា។

ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ ឯកឧត្តម ម៉ិល កាដូ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអនុប្រធាន សមាជិកប្រតិបត្តិសហព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ព្រមទាំងអញ្ជើញស្ថាប័នពាក់ព័ន្ធ សិក្ខាកាមបានខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹង ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានអាជ្ញាកណ្តាល ចៅក្រមនៅតាមសមាគម ក្លឹប ឱ្យការរៀបចំមានស្តង់ដាស្របតាមលក្ខណៈជាតិ និងអន្តរជាតិ។

អនុប្រធានរូបនេះគូសបញ្ជាក់ថា បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួលបាននូវការចាប់អារម្មណ៍ ការចូលរួមគាំទ្រច្រើនពីសំណាក់យុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិនានាមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ វិស័យអប់រំកាយ និងកីឡាបានរួមចំណែកលើកកម្ពស់សុខភាព និងសុខមាលភាព សិស្ស និស្សិត ប្រជាពលរដ្ឋ គ្រប់រូប និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គមជាពិសេសការប្រើប្រាស់គ្រឿងញៀនជាដើម។

ឯកឧត្តមអនុប្រធានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាក៏បានធ្វើកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន ជាពិសេសជំរុញ និងលើកទឹកចិត្តលើវិស័យកីឡាជាតិនៅក្នុងតំបន់ ព្រមទាំងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ដើម្បីចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) នាឆ្នាំ២០២៩។ ចំណែកកីឡាប្រដាល់គុនខ្មែរយើងក៏បានត្រៀមខ្លួនចូលរួមការប្រកួតយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នៅខែតុលា ឆ្នាំ២០២៥ ផងដែរ៕
ដោយ ហេង ណាលីន





