បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េជាការជ្រើសរើសធនធាន ឆ្ពោះទៅរកគោលដៅ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥--ការប្រកួតតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឆ្នាំ២០២៥ (KOREAN AMBASSADOR’S CUP 2025) បានធ្វើឡើងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាព ក្នុងការត្រៀមជ្រើសរើសប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិគោលដៅឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមទាំងត្រៀមសម្រាប់ប្រកួតជាលក្ខណៈអន្តរជាតិនានា។

នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ ក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅអគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ក្នុងនាមខេមរសហព័ន្ធតេក្វាន់ដូ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលតែងតែឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រកួតពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន។ សូមអរគុណដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលបានរៀបចំការប្រកួត KOREAN AMBASSADOR’S CUP 2025 ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូនដោយរក្សាបាននូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម ក៏សូមអរគុណដល់ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់ ដែលបានគោរពនូវបទបញ្ជាប្រកួតបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា ការប្រកួតប្រចាំឆ្នាំនេះមិនត្រឹមតែជាឱកាសធ្វើការវាស់ស្ទង់វាយតម្លៃកម្រិតបច្ចេកទេសបន្ថែម ដើម្បីស្វែងរកគ្រូបង្វឹក និងកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមៗលើប្រភេទកីឡាតេក្វាន់ដូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិការបង្ហាញសមត្ថភាពសំដៅលើកទឹកចិត្តដល់អត្តពលិកកីឡាតេក្វាន់ដូកម្ពុជាផងដែរ ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការរឹតចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា-កូរ៉េ។
ការប្រកួតនេះបានផ្តល់ឱកាសដល់អត្តពលិកប្រភេទកីឡាតេក្វាន់ដូ WT មកពីតំណាងក្លឹបកីឡាតេក្វាន់ដូរាជធានី-ខេត្តអាចបញ្ចេញសមត្ថភាព ទេពកោសល្យ បច្ចេកទេស និងផ្សព្វផ្សាយក្បាច់គុនដល់សាធារណជន ដើម្បីត្រៀមខ្លួនឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ដូចនេះសូមកីឡាករ កីឡាការិនីទាំងអស់បន្តខិតខំតាំងចិត្តប្រកបដោយភាពមោះមុត និងប្រកាន់ខ្ជាប់នូវវិន័យក្នុងការហ្វឹកហាត់ឱ្យបានល្អ ដើម្បីនាំកិត្តិយស និងមោទនភាពជូនជាតិ។
បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យសង្កត់ធ្ងន់ថា ក្រសួងនឹងប្តេជ្ញាចិត្តបន្ដខិតខំបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតលើការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដែលជាអាទិភាពមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការធ្វើកំណែទម្រង់ជាអាទិភាព និងការផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ដរបស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជ័យលាភី ដើម្បីជំរុញលើកទឹកចិត្ដអត្តពលិកឱ្យខិតខំពង្រឹងសមត្ថភាពខ្លួនជាប្រចាំ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកជាតិនិងអន្តរជាតិ។ លោកគ្រូ ឆយ យ៉ុងសុក ជាគ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ និងជាតំណាងស្ថាប័ន KUKKIWONកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតកម្មវិធី «Hope 2023» និង «Hope 2029» ដោយបានសហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ និងស្ថានទូតសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះ ឯកឧត្តម KIM HYUN-SOO ភារធារីនៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានលើកឡើងថា នេះជាការជួបជុំគ្នា ដើម្បីចែករំលែកស្មារតីនៃសេចក្តីស្រឡាញ់កីឡាតេក្វាន់ដូ ដែលមិនត្រឹមតែជាស្នៀតប្រយុទ្ធប៉ុណ្ណោះទេ ថែមទាំងជាសិល្បៈនៃការបណ្ដុះវិន័យ និងការអភិវឌ្ឍខ្លួន ការគ្រប់គ្រងខ្លួនឯង ការគោរព និងសន្តិភាព ដើម្បីចែករម្លែកស្មារតីកីឡាតេក្វាន់ដូជាមួយកម្ពុជា។ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េកំពុងគាំទ្រដល់ការបណ្ដុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូនៅកម្ពុជា តាមរយៈមជ្ឈមណ្ឌល KUKKIWON កម្ពុជា បានបើកដំណើរជាផ្លូវការកាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅ ដោយបានក្លាយជាមូលដ្ឋានដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍតេក្វាន់ដូនៅកម្ពុជាឱ្យមានលក្ខណៈជាប្រព័ន្ធប្រកបដោយវិជ្ជាជីវៈខ្ពស់ ហើយសង្ឃឹមថាកីឡាតេក្វាន់ដូនឹងជួយរឹតចំណងមិត្តភាពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានទទួលវិញ្ញាបនបត្រកិត្តិយសខ្សែក្រវាត់កម្រិត៧ដាន់ (The Honorary 7th DAN ) របស់ស្ថាប័ន Kukkiwon ដែលបំពាក់ដោយ ដោយលោកគ្រូបង្វឹក ឆយ យ៉ុងសុក តំណាង Kukkiwon។ The Honorary 7th DAN ជាវិញ្ញាបនបត្រដ៏មានតម្លៃខ្ពស់បំផុត និងតែមួយគត់ទទួលស្គាល់ជាផ្លូវការនៅក្នុងវិស័យតេក្វាន់ដូទូទាំងពិភពលោកត្រូវបានផ្តល់ជូនបុគ្គល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍកីឡាតេក្វាន់ដូ៕
ដោយ ហេង ណាលីន





