អភិបាលខេត្តកណ្តាល ស្នើដល់គណៈអភិបាលស្រុកមុខកំពូល ត្រូវធ្វើយ៉ាងណាឱ្យមានផ្លូវល្អស្អាតទៅដល់គ្រប់ទីប្រជុំជន
AKP កណ្តាល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្តម អភិបាលខេត្ត គួច ចំរើន បានស្នើដល់គណៈអភិបាលស្រុកមុខកំពូល ត្រូវគិតគូរទៅលើបញ្ហាផ្លូវ ធ្វើយ៉ាងណាឱ្យមានផ្លូវល្អស្អាតទៅដល់គ្រប់ទីប្រជុំជន សាលារៀន មន្ទីរពេទ្យ ទីផ្សារសម្រាប់ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

អាជ្ញាធរស្រុក និងឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការងារអនុវត្តគម្រោងរបស់ខ្លួនឱ្យបានលឿននៅក្នុងឆ្នាំ២០២៦ យ៉ាងយូបំផុតនៅចុងខែ៣ ឆ្នាំ២០២៦ ត្រូវតែដាក់ដេញថ្លៃគម្រោងឱ្យអស់ ហើយត្រូវអនុវត្តការងារសាងសង់គម្រោងនានារបស់ខ្លួនឱ្យបានលឿនផងដែរ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងទទួលបានការសាទរអំពីប្រជាពលរដ្ឋ ចំពោះការខិតខំអនុវត្តគម្រោងនានារបស់ខ្លួនក្នុងមូលដ្ឋានបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្តបានលើកឡើងដូចនេះក្នុងឱកាសតែងតាំង លោកស្រី តាំង សេរីពេជ្ឈរ៉ា ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ដែលពិធីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសាលាស្រុកមុខកំពូល ក្រោមអធិបតី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ឯកឧត្ដម បានចូលរួមអបអរសាទរ ចំពោះលោកស្រី តាំង សេរីពេជ្ឈរ៉ា ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកនាថ្ងៃនេះ ដើម្បីចូលរួចចំណែកដឹកនាំ និងជួយគ្រប់គ្រងរដ្ឋបាលស្រុកមុខកំពូលជាមួយថ្នាក់ដឹកនាំស្រុក សំដៅជួយរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់លោកស្រីអភិបាលរងស្រុកដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង ពិសេសសូមខិតខំសិក្សាបន្ថែមទៀតពីគោលការណ៍ច្បាប់នានាដើម្បីអនុវត្តតួនាទីបានត្រឹមត្រូវ សូមកុំធ្វើការតាមទម្លាប់។

ការផ្លាស់ប្ដូរមុខតំណែងមន្ត្រីរាជការគឺជារឿងធម្មតា បើផ្អែកតាមច្បាប់ អភិបាល អភិបាលរងក្រុង-ស្រុកគឺមាន ២អាណត្តិ បើធ្វើបាន១អាណត្តិដោយមិនមានបញ្ហាជាអវិជ្ជមាននោះ គឺអាចបន្តបាន ១អាណ្តតិទៀត ពោលគឺបានតែ២អាណត្តិតែប៉ុណ្ណោះ ត្រូវតែមានការផ្លាស់ប្ដូរទៅកាន់ក្រុង-ស្រុកផ្សេងទៀត។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំដែលត្រូវរួមគ្នាដោះស្រាយ ដោយត្រូវខិតខំបន្តការយកចិត្តទុកដាក់ខ្ពស់ ទៅលើការអនុវត្តច្បាប់ចរាចរណ៍ជាប់ជាប្រចាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ ៕
ដោយ៖ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តកណ្តាល





