ឯកឧត្តម សរ សិទ្ធិ៖ វគ្គបណ្តុះបណ្តាលជាឱកាសដ៏មានតម្លៃ ក្នុងការកែលម្អចំណេះដឹង បច្ចេកទេសហ្វឹកហាត់ ដើម្បីជួយអភិវឌ្ឍកីឡាទូកនាគឱ្យរឹងមាំ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥--ការចូលរួមរៀនវគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ គឺជាឱកាសដ៏មានតម្លៃសម្រាប់ការកែលម្អចំណេះដឹង បច្ចេកទេស និងវិន័យក្នុងការហ្វឹកហាត់ ដើម្បីជួយអភិវឌ្ឍកីឡាទូកនាគឱ្យកាន់តែរឹងមាំ និងឈានទៅរកជោគជ័យ។

នេះការលើកឡើងរបស់ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ នៃសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង។

ឯកឧត្តម សរ សិទ្ធិ បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ត្រូវប្រើប្រាស់ឱកាសនេះឱ្យមានប្រសិទ្ធភាព ដើម្បីបន្តការអភិវឌ្ឍខ្លួនឯង ក្នុងការទទួលយកនូវចំណេះដឹងថ្មីៗ ហើយនាំទៅអនុវត្តជាក់ស្តែងក្នុងការបង្វឹក និងប្រកួត។ ការបណ្តុះបណ្តាលមិនត្រឹមតែបង្កើនសមត្ថភាពផ្ទាល់ខ្លួនទេ ប៉ុន្តែវាជាការបង្កើតកម្លាំងសំខាន់ ក្នុងការលើកកីឡាជាតិឱ្យរីកចម្រើន និងបង្កើតកិត្តិយសដល់ប្រទេសជាតិផងដែរ»។

ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី២ ក៏បានផ្តាំដែរថា កីឡាករទូកនាគ គឺជាតំណាងនៃភាពរួមគ្នា និងឯកភាពជាតិ ដូច្នេះគ្រូបង្វឹក និងកីឡាករ កីឡាការិនីគ្រប់ៗរូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គោរពវិន័យ ស្មោះត្រង់ សាមគ្គីភាព ដើម្បីទទួលបានជោគជ័យ នាថ្ងៃអនាគត។

បើតាមការបញ្ជាក់របស់លោក ស្រ៊ុន លាង គ្រូឧទ្ទេសប្រចាំវគ្គបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៧-១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួម ២៥នាក់មកពីមន្ទីរអប់រំ យុវជន និងកីឡា និងក្រសួង-ស្ថាប័ន រាជធានី-ខេត្តនានា។ ក្រោមផែនការកសាងធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ សហព័ន្ធក៏បានប្រគល់សម្ភារសម្រាប់ហ្វឹកហាត់ និងប្រកួត រួមទាំងសម្លៀកបំពាក់ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជម្រើសជាតិ ក្រុមបម្រុងជម្រើសជាតិ និងថ្នាលកីឡាទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ដែលជាជាអំណោយពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាឱ្យមានកម្រិតខ្ពស់ជាងមុនបន្ថែមទៀត៕
ដោយ ហេង ណាលីន





